ខ្សែការពារ Giorgio Chiellini បានបង្ហើបថា Cristiano Ronaldo នេះឯង ជាអ្នកបំផ្លាញក្ដីស្រមៃរបស់ខ្លួនក្នុងការលើកពានរង្វាន់ UEFA Champions League ៣ដងមកហើយ។
Ronaldo យប់មិញតែត១ក្បាលជួយឱ្យក្រុម Juventus លើកពានរង្វាន់ Supercoppa Italiana ជាលើកទី៨បានសម្រេច ក្រោយពីយកឈ្នះក្រុម AC Milan ១-០។ ក្រោយពីជួយក្រុមលើកពាននេះហើយ បែរជាខ្សែការពារ Chiellini មិត្តរួមក្រុមរបស់ Ronaldo ផ្ទាល់បាននិយាយរឿងនេះថា៖ “គាត់បានជួយយើងឈ្នះពានរង្វាន់នេះ ប៉ុន្តែប៉ុន្មានឆ្នាំមុន គាត់បានបំផ្លាញក្ដីស្រមៃរបស់ខ្ញុំឈ្នះពានUCL ៣ដងមកហើយ”។
កីឡាករចាស់វស្សាខាងលើក៏បន្ថែមពីការចូលរួមរបស់ Ronaldo ជាមួយខ្លួនដែរថា៖ “ខ្ញុំសប្បាយចិត្តចំពោះការមករួមក្រុមរបស់គាត់។ គាត់ជាខ្សែប្រយុទ្ធកំពូលលើលោក ហើយគាត់នឹងជួយយើងឈ្នះពានរង្វាន់ UCL បាន។ កាលពីមុនខ្ញុំមានក្ដីស្រមៃ ប៉ុន្តែពេលនេះខ្ញុំបានដាក់គោលដៅយកវាតែម្ដង”៕ប្រភព៖ dailystar