ក្លឹប Manchester United កំពុងធ្វើការពិនិត្យសុខភាពទៅលើខ្សែការពារ Diogo Dalot របស់ក្រុម Porto មុនឈានដល់ការប្រកាសជាផ្លូវការទិញយកតែម្ដង។
Dalot ត្រូវបានក្លឹប Man Utd ទិញយកទៅហើយ ប៉ុន្តែដោយសារតែមានបញ្ហាសុខភាពបន្តិច ទើបការផ្ទេរត្រូវផ្អាកសិន ដើម្បីពិនិត្យឱ្យបានម៉ត់ចត់។ ខ្សែការពាររូបនេះ ធ្វើបានល្អណាស់ជាមួយក្រុម Porto ក្នុងនាមជាកីឡាករលេងនៅតំបន់ខាងស្ដាំ។ កីឡាករវ័យ១៩ឆ្នាំរូបនេះ នឹងត្រូវជំនួសតំណែងរបស់កីឡាករ Valencia ដែលមានវ័យ៣៣ឆ្នាំទៅហើយ និងតែងតែញាំញីដោយរបួស។
ត្បិតតែទើបចូលលេងឱ្យឈុតធំ Porto មែន ប៉ុន្តែកីឡាករព័រទុយហ្គាល់រូបនេះ បានជាប់ជម្រើសជាតិតាំងពី U15 មក ហើយថែមទាំងជួយព័រទុយហ្គាល់ឈ្នះពាន UEFA European U17 បានថែមទៀតផង។ រូបគេគ្រានោះ រកបាន២គ្រាប់ ក្នុងការលេង៥ប្រកួត ហើយក៏ជាអ្នករកគ្រាប់បាល់ក្នុងប្រកួតផ្ដាច់ព្រ័ត្រទល់ក្រុមអេស្ប៉ាញផងដែរ។
ក្រុមបិសាចក្រហម រំពឹងថានឹងទិញយកបានក្នុងតម្លៃខ្លួន១៧លានផោន ហើយប្រសិនបើការពិនិត្យសុខភាពមិនមានបញ្ហាទេ នោះនឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅសប្ដាហ៍ក្រោយតែម្ដង៕ប្រភព៖ DailyMail