កក្រើកលីគកំពូលសប្តាហ៍នេះ ក្រុមមិនដែលចាញ់ ប៉ះក្រុមកំពុងចង់បានពាន

ជំនួបរវាងក្រុមកំពូលតារាង ណាហ្គាវ៉ើល និង វិសាខា បានក្លាយជាគូជក់ចិត្តជាងគេ ប្រចាំការប្រកួតសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា។

ឆ្លងកាត់ការប្រកួត៧សប្តាហ៍កន្លងទៅ ណាហ្គា ពុំទាន់ស្គាល់ពាក្យថាបរាជ័យឡើយ ដោយឈ្នះ៦ ស្មើ១។ ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា រដូវកាលនេះ ណាហ្គាទទួលបានលទ្ធផលល្អជានិច្ចពេលប៉
ះក្រុមខ្លាំង។ ជាក់ស្តែងគឺ ឈ្នះអង្គរថៃហ្គឺ ៣-០ ឈ្នះក្រសួងការពារជាតិ ២-០ ឈ្នះភ្នំពេញក្រោន ១-0 ។

ចំពោះវិសាខាវិញ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្រ ក្រោយអន្ទងយកបាន កែវ សុខផេង និង សុខ សុវណ្ណ ទៅចូលរួម។ ក្រុមមួយនេះ តែងទទួលបានលទ្ធផលល្អពេលប៉ះក្រុមខ្លាំង។ វិសាខា ធ្លាប់ឈ្នះ អង្គរថៃហ្គឺ ២-០ និង ក្រសួងការពារជាតិ ២-0។

ក្នុងតារាងចំណាត់ថ្នាក់ ណាហ្គាវ៉ើល មាន១៩ពិន្ទុ នៅកំពូលតារាង ខណៈ វិសាខា នៅលេខ៣ មាន១៣ពិន្ទុ។

ការប្រកួត នឹងចាប់ផ្តើមពីម៉ោង៦:០០នាទី ស្អែកនេះនៅស្តាតចាស់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT