កីឡាករ​ចាស់​ជាង​គេ​លើ​លោក ​វ័យ​៥១​ឆ្នាំ ​បាន​បន្ដ​កុងត្រា​ចូល​លេង​ទៀត​ហើយ​

Kazuyoshi Miura ​វ័យ​៥១​ឆ្នាំ ​បាន​ចុះ​កុងត្រា​បន្ដ​លេង​១​ឆ្នាំ​ទៀត​ឱ្យ​ក្រុម​ Yokohama ​បើ​ទោះ​ជា​វ័យ​របស់​ខ្លួន​ចាស់​ខ្លាំង​យ៉ាង​នេះ​ក្ដី។អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ខាង​លើ​នេះ ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ចាស់​ជាង​គេ​បំផុត​លើ​លោក ព្រោះ​បច្ចុប្បន្ន​នេះ​លោក​មាន​វ័យ​ដល់​៥១​ឆ្នាំ​ទៅ​ហើយ។

យ៉ាងណាមិញ ​លោក Kazuyoshi ​នៅ​តែ​មាន​ចិត្ត​ជា​កីឡាករ​ដដែល ​ដោយ​លោក​បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​លេង​១​ឆ្នាំ​ទៀត​ឱ្យ​ក្រុម Yokohama ​ដែល​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​ជប៉ុន។ លេង​បាន​១​ឆ្នាំ​នេះ​ទៀត ​គឺ​មាន​ន័យ​ថា​បុរស​ម្នាក់​នេះ​ប្រកប​អាជីព​បាល់ទាត់​នេះ​បាន​៣៤​ឆ្នាំ​ហើយ។Kazuyoshi Miura ​ចាប់​ផ្ដើម​លេង​បាល់​ដំបូង​នៅ​ឆ្នាំ​១០៨៦ ​ជាមួយ​ក្រុម Santos ​របស់​ប្រេស៊ីល ​ហើយ​ក៏​បន្ដ​ទៅ​លេង​នៅ​ក្លឹប​ជា​ច្រើន​ទៀត​នៅ​ប្រេស៊ីល​នោះ ​មុន​ពេល​ផ្លាស់​​ចេញ​ទៅ​លេង​នៅ​បណ្ដា​ក្លឹប​ផ្សេង​ទៀត។

កីឡាករ​ចាស់​ជាង​គេ​បំផុត​លើ​លោក​នេះ ​បាន​និយាយ​ក្រោយ​ចុះ​កុងត្រា​នោះ​ថា​៖ “ខ្ញុំ​នឹង​មិន​ខ្ជះខ្ជាយ​ពេល​វេលា​សូម្បី​តែ​១​វិនាទី​ឡើយ។ ខ្ញុំ​ចង់​ប្រកួត​ប្រជែង​បន្ដ​ទៀត​ជាមួយ​វិស័យ​បាល់ទាត់​នេះ ​ហើយ​ប្រឹងប្រែង​ហ្វឹកហាត់ ​ដើម្បី​ប្រមូល​កម្លាំង​ឱ្យ​បាន​ល្អ​បំផុត”។ ​លោក Kazuyoshi ​នេះ​ដែរ ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ជប៉ុន​បាន​៨៩​ប្រកួត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ​និង​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​លំដាប់​លេខ​២ ​ដោយ​មាន​៥៥​គ្រាប់៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT