Barcelona ​ចង់​ទិញ​Willian ​តម្លៃ​៥០​លាន​ផោន ​ដើម្បី​ជំនួស Malcom ​

ក្លឹប FC Barcelona ​ចង់​បាន​ខ្សែ​បម្រើ Willian ​របស់​ក្រុម Chelsea ​ដើម្បី​ទៅ​ជំនួស​កន្លែង​របស់ Malcom ​ដែល​ក្លឹប​ទើប​ទិញ​មក ប៉ុន្តែ​លេង​មិន​បាន​ល្អ​តាម​អ្វី​ដែល​ក្លឹប​ចង់​បាន។

ក្រុម​យក្ស​អេស្ប៉ាញ​នេះ ​ចង់​ផ្ដល់​ឱ្យ Chelsea ​នៅ​តម្លៃ​ខ្លួន​៥០​លាន​ផោន ​ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ប្រេស៊ីល​នេះ។ នៅ​មាន​លក្ខខណ្ឌ​មួយ​ទៀត​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​ស្នើ​ទៅ ​គឺ Chelsea ​អាច​យក Malcom ​ទៅ​បាន ​អម​ជាមួយ​ប្រាក់​តម្លៃ​ខ្លួន​បន្ថែម​បន្តិច​បន្ដួច​ទៀត ​ដើម្បី​ដូរ​យក Willian ​នេះ។

ខណៈ​ដែល Willian ​នេះ ​ត្រូវ​បាន​ក្លឹប Barca ​ចង់​បាន​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​ការ​ផ្ទេរ​ទៅ​មិន​បាន​សម្រេច​។គេ​នៅ​ចាំ​បាន​ច្បាស់​ថា​កាល​ពី​រដូវ​កាល​មុន Barcelona ​បាន​តំឡើង​តម្លៃ​ខ្លួន Willian ​ដល់​ទៅ​៦៥​លាន​ផោន​ឯ​ណោះ  ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ Chelsea ​ព្រម​លក់​បាន។ ស្រប​ពេល​បច្ចុប្បន្ន​នេះ ​Willian ​មាន​វ័យ​៣០​ឆ្នាំ​ទៅ​ហើយ ​និង​សល់​កុងត្រា​ត្រឹម​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​ហើយ​តម្លៃ​៥០​លាន​ផោន​នេះ គឺ​សម​ល្មម​សម្រាប់​ក្រុម Chelsea ​លក់​រូបគេ​ចេញ​ហើយ។

គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ​តោ​ខៀវ​មាន​គោលការណ៍​របស់​គេ​មួយ ​ដោយ​ពួកគេ​មិន​ចង់​ទុក​កីឡាករ​ណា​ដែល​មាន​វ័យ​លើស​៣០​ឆ្នាំ​ឡើយ។ ដូច្នេះ​ហើយ ​បាន​ជា​ក្រុម Barcelona ​រំពឹង​ថា​នឹង​បាន​កីឡាករ​ខាង​លើ​ជាក់​ជា​មិន​ខាន៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT