ក្របខណ្ឌ UEFA Champions League បានប្ដូរច្បាប់១ចំពោះការចុះបញ្ជីកីឡាករចូលសម្រាប់លេងនៅវគ្គ១៦ក្រុមចុងក្រោយនៅខែកុម្ភៈខាងមុខនេះ។
ច្បាប់ថ្មីនោះ គឺក្លឹបដែលមានវត្តមាននៅវគ្គ១៦ក្រុមនេះ អាចទិញកីឡាករថ្មីចូល និងចុះបញ្ជីឈ្មោះលេងបាន ទាំងកីឡាកររូបនោះធ្លាប់លេងនៅក្រុមផ្សេងនៅវគ្គ៣២ក្រុមហើយក៏ដោយ។ ការចុះបញ្ជីនោះ គឺអនុញ្ញាតឱ្យក្លឹបមួយយកតែ៣នាក់ប៉ុណ្ណោះ និងផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី១ខែកុម្ភៈខាងមុខ។ជាឧទាហរណ៍ បើក្រុម Manchester United អាចទិញខ្សែប្រយុទ្ធ Dybala ពីក្រុម Juventus បាន នោះរូបគេនឹងមានសិទ្ធិក្នុងការចូលលេងឱ្យ Man Utd តែម្ដងក្នុងពានរង្វាន់ UEFA Champions League នេះ បើទោះជារូបគេបានលេងឱ្យ Juventus នៅវគ្គចែកពូលហើយក៏ដោយ។
រំលឹកត្រលប់ទៅវិញថា ច្បាប់ចាស់គឺកីឡាករដែលលេងឱ្យក្លឹបមួយនៅចែកពូលហើយ បើផ្ទេរចេញទៅក្លឹបមួយទៀត ហើយបានឡើងទៅវគ្គ១៦ក្រុមដែរនោះ គឺរូបគេមិនអាចចូលលេងនៅវគ្គនេះបានទេ។ ទាល់តែក្រុមមួយធ្លាក់ទៅលេងពាន Europa League និង១ទៀតលេងនៅ Champions League ទើប កីឡាករនោះអាចចូលលេងបាន៕ប្រភពDailyMail