នារាត្រីថ្ងៃពុធ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨នេះ បន្ទាប់ពីមានការបង្ហាញព័ត៌មានជាផ្លូវការអំពីការប្រកាសចែកផ្លូវជាមួយក្លិបបឹងកេត ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែលនឹងចេញដំណើរផ្សងព្រេងជាមួយក្លិបបាល់ទាត់នៃលីគទីបីរបស់ប្រទេសថៃ បានបង្ហោះសារយ៉ាងខ្លីមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ។
សារដ៏ខ្លីនោះមានអត្ថន័យពេញលេញដូចខាងក្រោម៖
ឃួន ឡាបូរ៉ាវី « សូមអគុណចំពោះការគាំទ្រនិងលើកទិកចិត្តខ្ញុំក្នុងការមកសាកល្បងសម្ថភាពនៅលីកក្រៅប្រទេសវាជាចំណុចចាប់ផ្តើមថ្មីមួយដូចច្នេះខ្ញុំជ្រើសយកក្រុមណាដែលអាចអោយខ្ញុំបង្ហាញខ្លួនបានច្រើននិងត្រូវការខ្ញុំអោយលេងអោយគេពិតមិនមែនគ្រាន់ចង់ប្រើរូបយើងដើម្បីចង់អោយប្រជាជនខ្មែរស្គាល់ក្រុមគេនោះទេ » ។
ខ្លឹមសារនៃសារមួយនេះ ហាក់ដូចចង់បកស្រាយអំពីចម្ងល់ និងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ បូរ៉ាវី ដែលថាសមត្ថភាព និងបទពិសោធន៍របស់គាត់ គួរណាស់តែលេងនៅលីគកំពូល តែតាមការពិត កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានធ្វើការបកស្រាយហើយផងដែរ ។
សូមរំលឹកឡើងវិញថា ក្លិប ស៊ូរ៉ាត់ថានី ( Surat Thani FC ) មានមូលដ្ឋាននៅក្នុងប្រទេសថៃ គឺជាសមាជិកនៃលីគលំដាប់ទី ៣ (តំបន់ខាងក្រោម) ហើយសព្វថ្ងៃកំពុងស្ថិតនៅលេខរៀងទី ៧ ក្រោយប្រកួតចប់ជើងទីមួួយ ១៣ប្រកួត ឈ្នះ ៤ ស្មើ ៥ និង ចាញ់ ៤ មាន ១៧ ពិន្ទុ ៕