អ្នកចាំទី Manuel Neuer នឹងបង្ហាញខ្លួនចូលទីលានវិញ នៅក្នុងការប្រកួតមិត្តភាពរវាងអាល្លឺម៉ង់ ប៉ះអូទ្រីសនៅចុងសប្ដាហ៍នេះ។
តាំងពីមានរបួសមក រយៈពេល៩ខែហើយ ដែលអ្នកចាំទីដៃស្អិតខាងលើមិនបានចូលរួមជួយក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់។ លោក Andreas Köpke គ្រូបង្វឹកអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់បានបញ្ជាក់ថា គ្រប់យ៉ាងបានល្អប្រសើរហើយ។ ដូច្នេះ Neuer អាចនឹងបង្ហាញខ្លួននៅចុងសប្ដាហ៍នេះ ដើម្បីមើលថាតើរូបគេអាចចូលលេងបានឬទេនៅ World Cup ប្រទេសរុស្ស៊ី។
អ្នកចាំទីវ័យ៣២ឆ្នាំជួយអាល្លឺម៉ង់លើកពាន World Cup 2014 នៅប្រេស៊ីលនោះ បានចូលលេងអំឡុងពេលហ្វឹកហាត់ជាមួយក្រុម U20 អាល្លឺម៉ង់បាន៣០នាទីដែរ ទើបប្ដូរចេញ។ ដោយឡែក រូបគេនឹងចូលលេងម្ដងទៀតពេលជម្រើសជាតិប៉ះអូទ្រីស នៅប្រទេសអ៊ីតាលី។ ក្រោយពីចប់ការប្រកួតមិត្តភាពមួយនេះទៅ ក្រុមអាល្លឺម៉ង់នឹងធ្វើការជម្រុះកីឡាករខ្លះ ដើម្បីយក២៣នាក់ទៅលេងនៅ World Cup នៅប្រទេសរុស្ស៊ី៕ប្រភព៖ DailyMail