Real Madrid ​​អាច​លក់ Bale ​ចេញ ​បើ​បាន​តម្លៃ​ខ្លួន​២០០​លាន​ផោន

ក្លឹប Real Madrid ​អាច​នឹង​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​ស្លាប Gareth Bale ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ប្រសិន​បើ​មាន​ក្លឹប​យល់​ព្រម​ទិញ​ក្នុង​តម្លៃ​ខ្លួន​២០០​លាន​ផោន។

Bale ​ជា​តួ​អង្គ​សំខាន់​របស់​ក្រុម Real Madrid ​ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យ ៣-១ ​លើ​ក្រុម Liverpool ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​រូបគេ​នៅ​អង្គុយ​និយាយ​ជាមួយ​ភ្នាក់ងារ​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ ​ហើយ​ចង់​លេង​ឱ្យ​បាន​គ្រប់​ប្រកួត​ទាំង​អស់ ​មិន​ចង់​អង្គុយ​កៅអី​បម្រុង​ទេ។

សម្ដី​នេះ​មាន​ន័យ​ថា​រូបគេ​អាច​នឹង​ចាកចេញ​ពី Real Madrid ​ប្រសិន​បើ​រដូវ​កាល​ក្រោយ ​ខ្លួន​មិន​អាច​ចូល​លេង​គ្រប់​ប្រកួត​បាន។ ស្រប​ពេល​ដែល​ក្លឹប​ចង់​បាន​រូបគេ​នោះ គឺ Manchester United ​ដែល​ព្យាយាម​តាម​ទិញ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ។

ក្លឹប Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ព្រម​លក់ Bale ​ចេញ​បាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ព្រម​ទិញ​ក្នុង​តម្លៃ​២០០​លាន​ផោន។ កីឡាករ​ឆ្នើម​ដែល​ជា​អតីត​សមាជិក​ក្រុម Spurs ​រូប​នេះ ​នៅ​តែ​ជា​មនុស្ស​សំខាន់​សម្រាប់​ក្រុម​លោក Zidane ​ដដែល ទើប​បាន​ជា​តម្លៃ​ខ្លួន​ថ្លៃ​យ៉ាង​នេះ៕ប្រភព៖ SkySports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT