អតីត​កីឡាករ​ Sunderland ​ម្នាក់ កំពុង​ធ្លាក់​ខ្លួន​ខ្លាំង ​មិន​ហាន​ទាក់ទង​ប្រពន្ធ កូន​

Asamoah Gyan ​ជា​អតីត​កីឡាករ Sunderland ​លេង​នៅ​លីគ​កំពូល​អង់គ្លេស ​និង​ធ្លាប់​ទៅ​កើប​លុយ​មិន​តិច​លាន​ដុល្លារ​នៅ​លីគ​របស់​ចិន ប៉ុន្តែ​ពេល​នេះ​រូបគេ​ធ្លាក់​ខ្លួន​យ៉ាង​ខ្លាំង រហូត​មិន​ហាន​ទៅ​ជួប​មុខ​គ្រួសារ​ឡើយ។

Gyan ​កាល​លេង​នៅ​ក្លឹបShanghai SIPG ​ចន្លោះ​ឆ្នាំ​២០១៥​ដល់​២០១៧ ​រូបគេ​ទទួល​បាន​២២៧ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។ ​ប៉ុន្តែ​ដោយសារ​តែ​ការ​ចាយវាយ​ខ្លាំង ហឺហារ ​កប់​ពពក​ពេក ​ក្រោយ​ពី​ត្រូវ​អស់​កុងត្រា​ជាមួយ​ក្លឹប​យក្ស​នៅ​ចិន​នេះ​ហើយ ពេល​នេះ​សាមី​ខ្លួន​កំពុង​ជួប​ការ​លំបាក​ទៅ​វិញ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប Kayserispor ​នៅ​ប្រទេស​ទួរគី ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ​ឡើយ។ ដោយ​គ្មាន​ការ​សន្សំ​ប្រាក់​ពី​មុន​មក​ផង ​ពេល​នេះ Gyan ​ធ្លាក់​ខ្លួន​ខ្លាំង ​ហើយ​ប្រាប់​អ្នក​កាសែត​ថា​ខ្លួន​មាន​លុយ​ក្នុង​កុង​ត្រឹម​តែ​៦០០​ផោន​ប៉ុណ្ណោះ។

ក្រុម​គ្រួសារ​បាន​ទាក់ទង​គេ​ច្រើន​ដង​មក​ហើយ ដើម្បី​ទៅ​លេង​ផ្ទះ ​និង​ប្រពន្ធ កូន ប៉ុន្តែ​សាមី​ខ្លួន​មិន​បាន​តប​ទៅ​វិញ ឬ​ទូរសព្ទ​ទៅ​លេង​នោះ​ទេ ព្រោះ​ខ្មាស​ពួកគេ​យ៉ាង​ខ្លាំង។ ការ​ខ្មាស​នេះ គឺ​ដោយសារ​តែ Gyan ​មិន​បាន​ផ្ដល់​ប្រាក់​ទៅ​គ្រួសារ​ជា​យូរ​មក​ហើយ។ រូបគេ​បច្ចុប្បន្ន​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​ឡើង​វិញ ​ដើម្បី​ស្ដា​មុខមាត់ ​និង​សង្ឃឹម​ថា​អាច​រួច​ផុត​ពី​ការ​លំបាក​មួយ​នេះ៕ប្រភពSportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT