Paul Scholes គិតថា Gareth Bale ជាប្រភេទខ្សែប្រយុទ្ធ ដែលសក្ដិសមបំផុតក្នុងការលេងឱ្យក្រុម Manchester United ដើម្បីប្រជែងយកពានរង្វាន់រដូវកាលក្រោយ។
Bale ក្លាយជាតួឯក ក្នុងការជួយក្រុម Real Madrid យកឈ្នះ Liverpool កាលពីផ្ដាច់ព្រ័ត្រ UEFA Champions League ។ កីឡាករជម្រើសជាតិវែលរូបនេះ រកបាន២គ្រាប់ ដែលសុទ្ធតែជាគ្រាប់បាល់អស្ចារ្យបំផុត បើទោះជារូបគេមិនសូវបានបង្ហាញខ្លួនឱ្យក្រុម Real នារដូវកាលនេះក៏ដោយ។
ក្រោយពីចប់ការប្រកួតខាងលើទៅ អតីតកីឡាករ Spurs រូបនេះ បាននិយាយថារដូវកាលក្រោយរូបគេត្រូវការលេងគ្រប់ការប្រកួត ដូច្នេះហើយអំឡុងពេលវិស្សមកាលនេះ ខ្លួននឹងអង្គុយនិយាយជាមួយភ្នាក់ងារឱ្យបានច្បាស់ចំពោះរឿងនេះ។ បើនៅ Real Madrid បន្ដ លុះត្រាតែធានាកៅអីជម្រើស១១នាក់ដំបូងរាល់ប្រកួត។
ឃើញមានការបោះពាក្យសម្ដីចង់ចាកចេញដូច្នេះហើយ ទើបបានជា Scholes អតីតកីឡាករ Man Utd បាននិយាយថាសមត្ថភាពរបស់ Bale គឺសក្ដិសមបំផុតសម្រាប់ក្រុមបិសាចក្រហម។ ប្រសិនបើលោក Jose Mourinho អាចទិញរូបគេបាន នោះក្រុមទាំងមូលនឹងលេងកាន់តែល្អថែមទៀតនារដូវកាលក្រោយ៕ប្រភព៖ DailyMail