ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Klopp កំពុងដំណើរការបានល្អមែនទែន ឈរលេខ១កំពូលតារាងដោយដាច់ពិន្ទុ៦ពិន្ទុហើយពីក្រុមលេខ២ Spurs គិតត្រឹមពេលបច្ចុប្បន្ននេះ។
យប់មិញពួកគេបានបំបាក់ក្រុម Newcastle United ក្នុងលទ្ធផល ៤-០ ឯណោះ។ ស្របពេលក្រុម Man City វិញ បែរជាភ្លាត់ចាញ់ទៀត ក្រោមថ្វីជើងរបស់ក្រុម Leicester City ។ ដូច្នេះហើយ ធ្វើឱ្យក្រុមហង្សក្រហម កាន់តែដាច់ពិន្ទុមែនទែនហើយ ក្នុងការឈរនៅកំពូលតារាងរបស់ពួកគេនារដូវកាលនេះ ហើយក៏មានកំណត់ត្រាល្អមួយមិនទាន់បរាជ័យផងដែរ។
លោក Klopp បាននិយាយចំពោះក្រុមទាំងមូលថា៖ “យើងចង់បង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់យើង ដោយឈ្នះពានរង្វាន់ Premier League ជាលើកដំបូងដោយមិនចាញ់សោះ។ យើងធ្លាយសំណាញ់ទី៧គ្រាប់ នេះគឺជាចំនួនល្អមួយ ប៉ុន្តែយើងនៅមាន១៩ប្រកួតទៀតដើម្បីលេង។ ដូចដែលយើងត្រូវលេងទល់ Arsenal Man City និង Spurs ជាដើមសុទ្ធតែក្រុមខ្លាំង។ វាពិបាក នៅផ្លូវវែងឆ្ងាយទៀត ហើយយើងទាំងអស់គ្នាក៏ដឹងដែរ”៕ប្រភពDailyMail