លោក Rafael Benitez បានអបអរចំពោះលោក Klopp ដែលមកដឹកនាំក្រុម Liverpool ចំពេលដែលក្លឹបនេះកំពុងតែចំណាយលុយក្នុងការទិញដូរកីឡាករថ្មីៗ។
ក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុម Newcastle United នៅវេលាម៉ោង១០យប់នេះហើយ ក្នុងការប្រកួតដ៏មមាញឹកមួយរបស់អង់គ្លេស ឬហៅថា Boxing Days ។ ក្រុម Newcastle ដែលដឹកនាំដោយលោក Benitez នេះ កំពុងត្រូវការពិន្ទុមិនចាញ់ក្រុម Liverpool ឡើយ ដើម្បីកើបចេញឱ្យផុតពីតំបន់កាត់ចោលនៅបាតតារាង។ ស្របពេលដែលប៉ះក្រុមហង្សក្រហមនេះទៀតសោត អ្នកចាត់ការដែលមានបទពិសោធដឹកនាំក្រុមធំៗជាច្រើននោះ ក៏មិនហ៊ានរំពឹងច្រើនដែរ ព្រោះ Liverpool បច្ចុប្បន្នកំពុងតែខ្លាំងស្រាប់ផង។
លោក Benitez បានបញ្ជាក់ថាលោក Klopp អ្នកចាត់ការក្រុមហង្សក្រហមពិតជាមានសំណាងណាស់ ដែលមកដឹកនាំក្រុម ចំពេលក្លឹបអាចចាយប្រាក់បាន។ លោក លើកឡើងកាលគ្រាដែលលោកដឹកនាំក្រុមនេះថា ពិតជាមិនងាយស្រួលដូចបច្ចុប្បន្នទេ។ ដោយជំនាន់លោកដឹកនាំ បើសិនជាចង់ទិញកីឡាករណាម្នាក់ នោះត្រូវលក់កីឡាករដទៃវិញសិន ទើបអាចទិញថ្មីចូលបាន។ កត្តា នេះបានធ្វើឱ្យក្រុមទាំងមូលមិនអាចខ្លាំងគ្រប់តំបន់បានទេ ព្រោះត្រូវលក់កីឡាករល្អណាម្នាក់ ទើបមានប្រាក់អាចទិញកីឡាករថ្មីល្អមកជំនួសបាន៕ប្រភពDailyMail