ក្រុមជម្រើសជាតិវៀតណាម ដែលដឹកនាំដោយលោក Park Hong-Seo បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិកូរ៉េខាងជើង នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ កាលពីរាត្រីថ្ងៃអង្គារ៍ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ នៅក្នុងជំនួបមិត្តភាពផ្លូវការត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍នាដើមឆ្នាំ ២០១៩ AFC Asian Cup ដែលរៀបចំឡើងនៅប្រទេសអារ៉ាប់រួម ។
នៅក្នុងការប្រកួតវៀតណាម បានបើកការនាំមុខ ១គ្រាប់មុន ពោលគឺនាទី ៥៥ ដោយកីឡាករ Tien Linh តែត្រូវបានក្រុមភ្ញៀវសម្រេចគ្រាប់តាមស្មើវិញនៅនាទី ៨២ ដោយកីឡាករ Jong IL Gwan និងរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ក្រោយចប់ការប្រកួតនេះ ជម្រើសជាតិវៀតណាម នឹងសម្រាកមួយថ្ងៃ ខណៈដែលពួកគេនឹងចេញដំណើរទៅកាន់ប្រទេសកាតា នៅថ្ងៃទី ២៧ ជាមួយនឹងសមាសភាពកីឡាករ ២៣រូបចុងក្រោយ ដើម្បីធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាពនៅទីនោះ មុនចេញដំណើរឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម ដែលពួកគេត្រូវប្រកួតជម្រុះពូល D ទល់នឹង អ៊ីរ៉ាក់ អ៊ីរ៉ង់ និង យេម៉ែន ចាប់ពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩ តទៅ ៕