លោក Jurgen Klopp បានបញ្ជាក់ថាខ្សែប្រយុទ្ធ Mohamed Salah លេងមិនបានល្អត្រូវចិត្តអ្នកគាំទ្រនៅដើមរដូវកាល ដោយសារតែរបួសស្មារបស់គេ ដែលបង្កដោយ Ramos នៅមិនទាន់ជាសះស្បើយ១០០%។Salah កំពុងប្រជែងស្បែកជើងមាសនៅលីគអង់គ្លេសនៅរដូវកាលនេះ ហើយក៏ជាអ្នកជួយក្រុម Liverpool ឡើងឈរកំពូលតារាង English Premier League ផងដែរ។ ទន្ទឹមនឹងសមត្ថភាពល្អយ៉ាងនេះដែរ គេក៏បានសង្កេតឃើញថាកីឡាករអេហ្ស៊ីបរូបនេះ នៅដើមរដូវកាលឯណោះរងការរិះគន់មិនតិចនោះទេ ព្រោះលេងមិនល្អដូចបច្ចុប្បន្ន។
ចំពោះរឿងលេងមិនល្អនៅដើមរដូវកាលនោះ ត្រូវបានលោក Klopp ពន្យល់ដូច្នេះថា៖ “បើអ្នកនៅធ្វើការក្នុងការិយាល័យ ហើយឈឺស្មា នោះវាមិនមែនជាបញ្ហារាំងស្ទះការងារទេ ប៉ុន្តែក្នុងបាល់ទាត់វិញ វានឹងធ្វើឱ្យអ្នកពិបាកមិនខាន។ Salah មិនទាន់ជា១០០%ទេ អំឡុងពេលបើករដូវកាលដំបូង ដូច្នេះហើយទើបគាត់ធ្វើមិនបានល្អ។ ប៉ុន្តែពេលនេះ អ្វីយ៉ាងត្រលប់ទៅរកភាពល្អប្រសើរឡើងវិញហើយ”។
រំលឹកថា Salah បានរងរបួសស្មាត្រូវប្ដូរចេញ នៅការប្រកួតផ្ដាច់ព្រ័ត្រ Champions League ដែលបង្កឡើងដោយការប៉ះគ្នាជាមួយ Sergio Ramos ។ អវត្តមានរបស់ខ្សែប្រយុទ្ធសំខាន់នេះហើយ បានធ្វើឱ្យក្រុមហង្សក្រហម ចាញ់ Real Madrid នៅគ្រានោះក្នុងលទ្ធផល ៣-១៕ប្រភពDailyMail