សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីមួយរូប បានលាឈប់ពីតួនាទី កាលពីដើមខែធ្នូកន្លងទៅ ពោលគឺក្រោយចប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។ នេះបើតាមការឱ្យដឹងតាមរយៈគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ។
បច្ចុប្បន្ន សហព័ន្ធ កំពុងបើកការស៊ើបអង្គេត ជុំវិញករណី រៀបចំលទ្ធផលគិតទុកជាមុន និងលក់ការប្រកួត ក្រោយលទ្ធផលមិនសមប្រកប របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 កន្លងទៅ ដែលឃើញថាក្រុមរងជើងឯកកាលពីឆ្នាំ ២០១៦ បែរជាធ្លាក់ត្រឹមវគ្គជម្រុះពូលទៅវិញ ។
គួររំលឹកថានៅក្នុងវគ្គជម្រុះពូល នៅ Suzuki Cup ឥណ្ឌូនេស៊ី ប្រកួតឈ្នះតែ ១លើកប៉ុណ្ណោះ គឺលើទីម័រខាងកើត ៣-១ ខណៈស្មើជាមួយហ្វីលីពីន និងចាញ់ ថៃ សិង្ហបុរី ៕