Real Madrid ​ចង់​បាន Jose Mourinho ​មក​ដឹក​នាំ​ក្រុម​វិញ

ក្លឹប Real Madrid ​មាន​បំណង​ចង់​បាន​លោក Jose Mourinho ​ទៅ​ដឹក​នាំ​ក្រុម​វិញ ​ជំនួស​តំណែង​លោក  Santiago Solari ​ដែល​កំពុង​ដឹក​នាំ​ក្រុម​បច្ចុប្បន្ន​នេះ។

លោក Jose ​បាន​ចែក​ផ្លូវ​ជាមួយ​ក្រុម Man Utd ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​ហើយ​ប្រកួត​ចុង​ក្រោយ​ចាញ់​ក្រុម Liverpool ​ទៀត។ ត្បិត​តែ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង​មែន ប៉ុន្តែ​អ្នក​ចាត់ការ​រូប​នេះ​នៅ​តែ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​ហៅ​ទៅ​ដឹក​នាំ​ដដែល។ ​ដោយ​ក្នុង​នោះ ​ក៏​មាន​ដំណឹង​ថា Real Madrid ​ចាប់​អារម្មណ៍​លើ Jose ​ដែរ។ ​ដោយ​អាច​នឹង​ផ្ដល់​កុងត្រា​ដល់​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន​ដល់​១៨​លាន​ផោន ​ក្នុង​១​ឆ្នាំ ​ប្រសិន​ណា​បើ​លោក​ពិត​ជា​មក​ដឹក​នាំ​មែន។

 ក្រុម​អធិរាជ​ស ​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​លោក Santiago Solari ​ដែល​ទើប​ចូល​កាន់​តំណែង​បាន​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។ អ្នក​ចាត់ការ​រូប​នេះ ​មាន​កុងត្រា​ដល់​៣​ឆ្នាំ​នៅ​ក្លឹប Real Madrid ​ហើយ​ក្រុម​ក៏​កំពុង​ធ្វើ​បាន​ល្អ​​ដែរ។ ត្រលប់​ទៅ​វិញ ​ប្រសិន​ណា​បើ​ Real Madrid ​ចង់​បាន Jose ​មែន នោះ​ត្រូវ​ចាំ​ដល់​រដូវ​កាល​ក្រោយ​ឯ​ណោះ ​ដើម្បី​មើល​ថា Solari ​អាច​ដឹក​នាំ​បាន​ល្អ​ឬ​អត់៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT