Al-Ain ​យក​ឈ្នះ River Plate ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup

Al-Ain ​បាន​យក​ឈ្នះ​លើ​ក្រុម River Plate ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៥-៤ ​ក្រោយ​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​នៅ​១២០​នាទី ​ក្នុង​ការ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA Club World Cup 2018 ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ទៅ​វិញ​ទៅ​មក ​២-២ ​ហើយ​នោះ។ ​ចំណាយ​ពេល​ដល់​១២០​នាទី​ហើយ​​ក៏​មិន​ទាន់​រក​ឃើញ​ក្រុម​ឈ្នះ​ចាញ់​នៅ​ឡើយ​ទេ ​រហូត​ដល់​ឈាន​ចូល​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​តែ​ម្ដង។ នៅ​វគ្គ​នេះ​ហើយ ​ក្រុម​ទាំង​សង​ខាង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ប៉ុន្តែ​គ្រាប់​ទី​៥​របស់​ក្រុម River Plate ​ដែល​ទាត់​ដោយ Perez ​នោះ ​ធ្វើ​មិន​បាន​ល្អ ​ទើប​បណ្ដាល​ឱ្យ​ក្រុម​បរាជ័យ​នៅ​វគ្គ​នេះ​តែ​ម្ដង។

Al Ain ​ជា​ក្រុម​តំណាង​ម្ចាស់​ផ្ទះ​ចូល​រួម​កម្មវិធី​ខាង​លើ​នេះ។ ​ដោយ​ពួកគេ​ប្រកួត​បើក​ឆាក​ប៉ះ​ជាមួយ​ក្រុម​ ES Tunis ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០។ ​ហើយ​ឡើង​មក​ដល់​វគ្គ​នេះ ពួកគេ​យក​ឈ្នះ River Plate ​ទៀត ​ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​១​ក្រុម​ទៀត​នឹង​ត្រូវ​រក​ឃើញ​នៅ​ថ្ងៃ​នេះ ​រវាង​ក្រុម Real Madrid ​ប៉ះ​ជាមួយ​ក្រុម Kashima Antlers ​របស់​ជប៉ុន។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​១១:៣០​នាទី​យប់​៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT