ខ្សែការពារ Shahrul Saad របស់ក្រុមជម្រើសជាតិម៉ាឡេស៊ីបាននិយាយថាមិត្តរួមក្រុមរបស់លោក នឹងប្រឹងប្រែងឱ្យដល់១២០% ដើម្បីយកឈ្នះលើក្រុមវៀតណាមឱ្យបាននៅប្រកួតចុងក្រោយពានរង្វាន់ AFF Suzuki Cup 2018 នេះ។
កាលពីជើងទី១កន្លងទៅ ម៉ាឡេស៊ី បានត្រឹមស្មើជាមួយក្រុមវៀតណាមក្នុងលទ្ធផល ២-២ ។ តាមលទ្ធផលនេះបានផ្ដល់ផលវិជ្ជមានច្រើនដល់វៀតណាម ត្បិតអីពួកគេទប់បានស្មើ ០-០ ឬ ១-១ ក៏អាចឈ្នះពានរង្វាន់នេះបានដែរ។
ជាមួយគ្នានេះដែរ កីឡាករ Shahrul Saad ខ្សែការពារសំខាន់របស់ម៉ាឡេស៊ីបាននិយាយមុនការប្រកួតនេះថា៖ “មុនចាប់ផ្ដើមការប្រកួតយើងដឹងហើយថា វៀតណាម និងថៃ ជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់នេះ ប៉ុន្តែជាក់ស្ដែងទៅ យើងបានបំបាក់ថៃរួចទៅហើយ។ យើងដឹងថាលើកនេះមិនងាយស្រួលនោះទេ ក្នុងការឈ្នះវៀតណាម ប៉ុន្តែខ្ញុំសង្ឃឹមថាយើងនឹងលេងឱ្យដល់១២០% ឬច្រើនជាងនេះ ដើម្បីសម្រេចបានលទ្ធផលល្អត្រលប់ទៅវិញ”។
ការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមវៀតណាម និងម៉ាឡេស៊ី នឹងត្រូវលេងនៅយប់ម៉ោង៧:៣០នាទីនេះ នៅកីឡដ្ឋាន My Dinh នាទីក្រុងហាណូយ៕ប្រភព៖Affsuzukicup