កីឡាករដែលមានតួនាទី ២ក្នុងពេលតែមួយ Keisuke Honda បានបន្តរកគ្រាប់បាល់ឱ្យ Melbourne Victory នៅក្នុងក្របខ័ណ្ឌលីគកំពូលអូស្រ្តាលី ជាបន្តទៀត ក្នុងជំនួបឈ្នះ Brisbane Roar ៤ ទល់នឹង ២ និងជួយឱ្យ Melbourne Victory ឈ្នះ ៦ប្រកួតជាប់ៗគ្នា ក្នុង ៨ប្រកួតនាដើមរដូវកាលនេះ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះ បានទាត់បាល់ពិន័យ ( Penalty ) ចូលទីជាលើកទីពីរហើយក្នុងស្ថិតិគ្រាប់បាល់សរុប ៥គ្រាប់ ដែលគាត់រកបាន ។ ក្រៅពីនោះផងដែរ គាត់ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់ចូលទី បានសម្រេច ៤គ្រាប់ផងដែរ ។
លទ្ធផលឈ្នះនេះ បាននាំឱ្យក្លិប Melbourne Victory ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ពីលើក្លិប Perth Glory ត្រឹម ១ពិន្ទុប៉ុណ្ណោះ ខណៈ Perth នៅសល់១ប្រកួតក្នុងដៃ ដែលនឹងត្រូវប្រកួតថ្ងៃស្អែក ៕