ក្លិបទើបបង្កើតឡើង ដែលសំបូរលុយក្នុងការចំណាយលើការនាំចូលធនធានកីឡាករល្អៗ វិសាខា បានត្រៀមនឹងបង្ហាញសមាសភាពកីឡាករចំណូលថ្មីរបស់ខ្លួន ទៀតហើយ ដោយគ្រោងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ។
តាមការបែកធ្លាយរូបភាព កីឡាករទាំងនោះ សុទ្ធសឹងជាកីឡាករមកពីក្លិបភ្នំពេញក្រោន រួមមាន ស៊ិន កក្កដា អ៊ិន សុដាវីដ និង គឹម ឆាយ៉ា ដែលសុទ្ធជាយុវជនពោរពេញទៅដោយសមត្ថភាពខ្ពស់ ។ក្រោយចប់លីគកំពូលកន្លងមក វិសាខា បានបង្ហាញវត្តមានកីឡាករថ្មីៗរបស់ខ្លួនជាច្រើនរូប រួមមានយុវជនរបស់សាលាបាល់ទាត់ជាតិបាទី បេក្ខភាពជើងឯកលីគ មកពីណាហ្គាវើល រួមមាន ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ជាដើម ។
យោងតាមសមាសភាពកីឡាករល្អៗទាំងនេះ ជឿជាក់ថានៅរដូវកាលក្រោយ លីគកំពូលកម្ពុជា នឹងកាន់តែមានការប្រកួតប្រជែងខ្ពស់ ខណៈដែលរដូវកាលដំបូងរបស់ខ្លួន វិសាខា ប្រជែងបានចំណាត់ថ្នាក់លេខ ៣ ក្នុងលីគ ផងដែរ ៕