កីឡាករដែលបានក្រសោបយកពានរង្វាន់ឯកកត្តជន ៤ នៅក្នុងកម្មវិធី Cambodia Football Award Night នួន បូរី បានបង្ហើបអំពីគម្រោងរបស់ខ្លួន ដែលនឹងត្រូវធ្វើសម្រាប់ឆ្នាំ ២០១៩ខាងមុខនេះ ទាំងសម្រាប់ក្លិប និងឱកាសក្នុងការឆក់យកកៅអីជម្រើសជាតិសារជាថ្មី ។
ខ្សែប្រយុទ្ធ របស់ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ បានលើកឡើងថា៖ « សម្រាប់ខ្ញុំ រឿងដែលត្រូវបន្តធ្វើក្នុងឆ្នាំក្រោយគឺ ខំប្រឹងជួយក្លិបឱ្យមានកម្រិតល្អជាងមុន ហើយមួយទៀតនោះ គឺត្រូវតែប្រជែងដើម្បីកៅអីជម្រើសជាតិដែរ ដូចនេះហើយនៅឆ្នាំក្រោយ គឺនឹងត្រូវមានការប្រកួតប្រជែងខ្លាំង ទាំងនៅក្នុងលីគ និងក្នុងក្រុម » ។គួររំលឹកថា នួន បូរី ធ្លាប់ជាប់ជម្រើសជាតិចុងក្រោយបង្អស់ ពេលកម្ពុជា ចូលរួមព្រឹត្តិការណ៍ SEA GAME 2017 នៅប្រទេសម៉ាឡេស៊ី ដោយកាលនោះក្រោមការដឹកនាំរបស់គ្រូបង្វឹក Leonardo Vitorino ។
សូមបញ្ជាក់ថា ពានរង្វាន់ឯកកត្តជនចំនួន ៤ ដែល នួនបូរី ទទួលបាននោះគឺ ពានរង្វាន់កីឡាករល្អជាងគេ និងទាត់ចូលទីច្រើនជាងគេ នៅ Hun Sen Cup, ពានកីឡាករក្នុងក្រោមអាយុ ២៣ឆ្នាំទាត់ចូលទីច្រើនជាងគេ និងកីឡាករក្នុងស្រុកទាត់ចូលទីច្រើនជាងគេ ផងដែរ ៕