Michael Owen បាននិយាយថា Pual Pogba ជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែការលេងនៅក្រោមការដឹកនាំរបស់លោក Jose Mourinho រូបគេហាក់ដូចជាក្លាយទៅជាកីឡាករធម្មតាម្នាក់ទៅវិញ។Jose ហាក់ដូចជាមិនទាន់រកឃើញចំណុចណាមួយដែលធ្វើឱ្យ Pogba ក្លាយជាកីឡាករឆ្នើមម្នាក់នៅឡើយទេ តាំងពីរូបគេផ្លាស់មកនៅឆ្នាំ២០១៦។ យ៉ាងណាមិញ ការរកមិនឃើញចំណុចពិសេសនេះហើយ បានធ្វើឱ្យខ្សែបម្រើឆ្នើមរបស់បារាំងរូបនេះ មិនអាចជួយក្រុមបានច្រើនឡើយ ហើយក៏សាមីខ្លួនហាក់ដូចជាមិនពេញចិត្តផងដែរ។
ទន្ទឹមគ្នានេះដែរ Owen ដែលជាអតីតខ្សែប្រយុទ្ធម្នាក់របស់ក្រុម Manchester United ដែរនោះបាននិយាយចំពោះរឿងខាងលើនេះថា៖ “Pogba មានសមត្ថភាពណាស់ ប៉ុន្តែស្ដាយដែលគាត់មិនអាចបញ្ចេញវាមកបាន។ បើសិនជាគាត់លេងក្រោមការដឹកនាំរបស់ Pep ឬ Klopp នោះ គាត់អាចនឹងក្លាយជាកីឡាករល្អជាងគេបំផុតលើលោក ជាប់ជា Top3 អីបាត់ទៅហើយ”។
នៅយប់មិញនេះ Pogba បានជាប់ជម្រើស១១នាក់ដំបូងឱ្យបិសាចក្រហមលេងទល់ក្រុម Valencia ប៉ុន្តែគួរឱ្យសោកស្ដាយ លទ្ធផលបានចាញ់ក្រុមនៅអេស្ប៉ាញនេះ ២-១ វគ្គសន្សំពិន្ទុ UEFA Champions League ៕ប្រភពDailyMail