ក្នុងការប្រកួតសប្តាហ៍ទី ៧ នៃលីគកំពូលកម្ពុជា កាលពីម្សិលមិញនេះ បានបង្ហាញឲ្យឃើញនូវភាពខ្លាំងរបស់ណាហ្គាវើលដែលបាន បំបាក់ ក្រសួងការពារជាតិ ២-០ ជាលទ្ធផលដែល ក្រុមទ័ព ជួបដូចៗគ្នា រាប់ចាប់តាំងពីសប្តាហ៍ទី ៥ មក ។
Bisan George ស៊ុតចូលទាំងពីរគ្រាប់នោះ ជួយឲ្យណាហ្គាវើល បន្តឈរកំពូលតារាង ដោយមាន ១៩ ពិន្ទុ ស្ថិតនៅលើបឹងកេត ២ ពិន្ទុ ។
បឹងកេត ត្រូវអគ្គិសនីកម្ពុជា រារាំងមិនឲ្យទទួលបានបីពិន្ទុ ក្រោយពីបញ្ចប់ទៅត្រឹមលទ្ធផល ១-១ ។ Julius ស៊ុតគ្រាប់តាមស្មើដ៏សំខាន់នេះ ជួយឲ្យបឹងកេត ដណ្តើមបាន ១ពិន្ទុ ពីការប្រកួត និង បន្ថែមគណនីគ្រាប់បាល់របស់ខ្លួន បន្តឈរកំពូលតារាងកីឡាករស៊ុតចូលទីច្រើនជាងគេ ( ៨គ្រាប់ ) ។
ងាកទៅ សូលទីឡូអង្គរ ឯនោះវិញ ក្រោយមានឱកាសនាំមុខ ១គ្រាប់មុន ដោយកីឡាករ Bata ក៏ត្រូវ Shane Booysen និង Trevin វាយបកតាមស្មើ និងឆក់យកជ័យជម្នះ ត្រឹម ២នាទី ប៉ុណ្ណោះ ។
ថ្ងៃនេះ នៅមានការប្រកួត ២គូផ្សេងទៀត ដោយ ភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន ស្វាគមន៍ អាស៊ីអឺរ៉ុប ម៉ោង ៦ល្ងាច និង វិសាខា ទៅជួប អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ AEU Sport Park ម៉ោង ៣រសៀល ៕