កាលពីយប់មិញ នៅកីឡដ្ឋាន Bukit Jalil ដែលឃើញថាក្រុមជម្រើសជាតិវៀតណាម ដែលជាភ្ញៀវ បានដាក់បន្ទុកទៅលើក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយបើកការនាំមុខ ២គ្រាប់ មុនពេល របូត ២គ្រាប់ និងបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ក្នុងជើងទី១ នៃវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 ។លោក Park Hang-Seo គ្រូបង្វឹកវៀតណាម និយាយថា៖ « ជាដំបូង ខ្ញុំសូមធ្វើការអរគុណទៅកីឡាករទាំងអស់ ដែលធ្វើបានល្អបំផុតក្នុងប្រកួតនេះ យើងរកបាន ២គ្រាប់ តែជាអកុសល យើងមិនអាចរក្សាលទ្ធផលនេះរហូតដល់ចប់បាន ខ្ញុំមានការខកចិត្តជាខ្លាំង » ។
លោកបន្តថា « មាន ២គ្រាប់នៅក្រៅដី នឹងផ្តល់ផលវិជ្ជមានដល់ពួកយើងពេលត្រឡប់ទៅលេងនៅហាណូយ ប៉ុន្តែ យើងត្រូវសិក្សា និងត្រៀមរៀបចំដោះស្រាយ អំពីកត្តាដែលយើងធ្វើឱ្យរបូតបាល់ ២គ្រាប់វិញ » ។គ្រាដែលគ្រូម៉ាឡេស៊ីវិញ បានលើកឡើងថា លទ្ធផល ២-២ នេះ នឹងធ្វើឱ្យក្រុមរបស់ខ្លួនទទួលផលអវីជ្ជមាន ប៉ុន្តែនៅសល់ ១ប្រកួតទៀតនៅទីក្រុងហាណូយ ដែលលោកជឿជាក់ថា នឹងព្យាយាមធ្វើឱ្យបានល្អបំផុត ។
តទៅទៀត ក្រុមទាំងពីរ នឹងត្រូវសម្រាក ដើម្បីត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រ ជើងទីពីរ កំណត់ជើងឯក Suzuki Cup 2018 នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ១៥ ខែ ធ្នូ ខាងមុខនេះ ៕