នៅក្នុងសម័យកាលដែលបច្ចេកវិទ្យាដើរលឿនដូចរន្ទះ សូម្បីតែវិស័យបាល់ទាត់ក៏មានការផ្លាស់ប្តូរយ៉ាងអស្ចារ្យដែរ ដោយនៅក្នុងព្រឹត្តិការណ៍ World Cup 2026 ខាងមុខនេះ គ្រាប់បាល់ដែលយកមកប្រើប្រាស់នៅលើទីលាន គឺតម្រូវឱ្យមានការសាកថ្មឱ្យបានពេញលេញជាមុនសិន មិនខុសពីទូរស័ព្ទដៃរបស់យើងឡើយ។

មូលហេតុដែលធ្វើឱ្យគ្រាប់បាល់ទាំងនោះត្រូវការថាមពលអគ្គិសនី គឺដោយសារតែនៅខាងក្នុងមានបង្កប់នូវឧបករណ៍ចាប់សញ្ញា ឬ Sensor ដ៏វៃឆ្លាត ដែលមានតួនាទីតាមដាន និងកត់ត្រារាល់ទីតាំងពិតប្រាកដ ក៏ដូចជាល្បឿននៃគ្រាប់បាល់នៅរាល់ពេលដែលមានការប៉ះទង្គិចពីជើងកីឡាករម្នាក់ទៅកីឡាករម្នាក់ទៀត។

បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ក ឧបករណ៍ Sensor នេះត្រូវបានគេព្យួរភ្ជាប់នឹងខ្សែហ្វាយបឺនៅចំកណ្តាលខាងក្នុងបាល់ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ នេះ បច្ចេកវិទ្យាកាន់តែទំនើបជាងមុន ដោយគេបានកែច្នៃវាឱ្យទៅជាផ្នែកមួយនៃបន្ទះស្បែកបាល់តែម្តង។ ទោះបីជាមានការបង្កប់គ្រឿងអេឡិចត្រូនិចក៏ពិតមែន ប៉ុន្តែវាមានទម្ងន់ស្រាលបំផុត រហូតដល់ថ្នាក់កីឡាករទាត់ទៅមិនមានអារម្មណ៍ថាប្លែកទាល់តែសោះ ហើយការសាកថ្មមួយពេញម្តងៗ គឺអាចទ្រទ្រង់ការលេងនៅលើទីលានបានរហូតដល់ទៅ ៦ ម៉ោងឯណោះ។

អ្វីដែលកាន់តែពិសេសនោះ ឧបករណ៍ចាប់សញ្ញានៅលើបាល់នេះ នឹងធ្វើការសហការគ្នាយ៉ាងស៊ីសង្វាក់ជាមួយកាមេរ៉ាកម្រិតខ្ពស់ចំនួន ១២ គ្រឿងដែលដំឡើងនៅជុំវិញពហុកីឡដ្ឋាន ដើម្បីចាប់យកចលនារបស់បាល់ និងកីឡាករម្នាក់ៗក្នុងល្បឿនយ៉ាងលឿនរហូតដល់ ៥០ ដងក្នុងមួយវិនាទី។ រាល់ទិន្នន័យនៃការប៉ះបាល់ទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់បន្ទប់ VAR ភ្លាមៗតែម្តង ដើម្បីជួយដល់ការកាត់សេចក្តីលើបច្ចេកវិទ្យាខ្សែបន្ទាត់ទី (Goal-Line) និងការចាប់ Offside ឱ្យបានត្រឹមត្រូវនិងយុត្តិធម៌បំផុតបំបាត់រាល់មន្ទិលសង្ស័យទាំងឡាយនៅលើទីលាន។
