Gnabry បានបញ្ជាក់ពីការអវត្តមានរបស់គាត់សម្រាប់ព្រឹត្តិការណ៍ World Cup នាពេលខាងមុខនៅលើបណ្តាញសង្គមរបស់គាត់។

ពាក្យរបស់ Gnabry អំពីការខកខានព្រឹត្តិការណ៍ World Cup៖
“ចំពោះក្តីស្រមៃ World Cup ជាមួយអាល្លឺម៉ង់នោះជាអកុសលសម្រាប់ខ្ញុំហើយ។ ដូចប្រទេសដទៃទៀតដែរ ខ្ញុំនឹងគាំទ្រក្នុងនាមជាក្មេងប្រុសម្នាក់ពីផ្ទះ។
ឥឡូវនេះដល់ពេលដែលត្រូវផ្តោតលើការជាសះស្បើយ និងការត្រលប់មកវិញសម្រាប់ការប្រកួតមុនរដូវកាល។
សូមអរគុណចំពោះសារជូនពរពីអ្នកទាំងអស់”។

គួរបញ្ជាក់ផងដែរ Gnabry បានរងរបួសសាច់ដុំកំឡុងពេលការប្រកួត Champions League ទល់នឹង Real Madrid ដែលគាត់ត្រូវបានប្តូរចេញនៅនាទីទី ៦១។ កីឡាករអាល្លឺម៉ង់វ័យ ៣០ឆ្នាំរូបនេះបានចាប់ផ្តើមក្នុងនាមជាកីឡាករ Bayern Munich ចំនួន ៣៧ ប្រកួត ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១ ដង។ តម្លៃទីផ្សារបច្ចុប្បន្នរបស់គាត់គឺ ២០ លានអឺរ៉ូ។ កាសែត Sky Germany បានលាតត្រដាងព័ត៌មានរបួសរបស់គាត់ជាលើកដំបូងថា Gnabry នឹងអវត្តមានសម្រាប់រដូវកាលដែលនៅសល់ និងព្រឹត្តិការណ៍ World Cup។ ពេលវេលាសម្រាកព្យាបាលរបស់គាត់ប៉ាន់ស្មានគឺប្រហែល ៣ ខែឯណោះ។
នេះមិនមែនជាលើកទីមួយទេដែល Gnabry ខកខានការប្រកួតក្រុមជម្រើសជាតិដ៏សំខាន់មួយដោយសារតែរបួស។ នៅឆ្នាំ ២០២៤ Gnary ក៏មិនបានចូលរួមក្នុងការប្រកួតជើងឯកអឺរ៉ុបដោយសារតែរហែកសាច់ដុំកំភួនជើង។
ប្រភព បរទេស
