ថ្មីៗនេះ វីដេអូផ្សាយពាណិជ្ជកម្មមួយ ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរបស់ក្រុមហ៊ុនផលិតសម្ភារៈក្មេងលេង LEGO ដែលលេចវត្តមានកំពូលតារាបាល់ទាត់លំដាប់ពិភពលោករួមមាន Lionel Messi, Cristiano Ronaldo, Kylian Mbappé និង Vinícius Júnior ព្រមៗគ្នា បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទូទាំងសកលលោកមានការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ AZR បានបញ្ជាក់ថា កំពូលតារាទាំង ៤ រូបនេះ មិនបានមកចូលរួមថតដោយផ្ទាល់ នៅក្នុងស្ទីឌីយ៉ូជាមួយគ្នានោះទេ។ អ្វីដែលយើងបានឃើញតាមពិតទៅគឺជាលទ្ធផលនៃការប្រើប្រាស់បច្ចេកវិទ្យា Deepfake ឬ AI Face Swapping កម្រិតខ្ពស់ ដែលអាចបោកបញ្ឆោតភ្នែកទស្សនិកជនបានយ៉ាងងាយ។
ក្នុងអំឡុងពេលផលិត ក្រុមការងារបានប្រើប្រាស់តួសម្តែងជំនួសដែលមានរូបរាង និងកម្ពស់ប្រហាក់ប្រហែលនឹងកីឡាករទាំងនោះ។ បន្ទាប់មក ក្រុមបច្ចេកទេសបានប្រើប្រាស់ AI ដើម្បីយកផ្ទៃមុខពិតរបស់ Messi, Ronaldo និងតារាផ្សេងទៀត មកដាក់ពីលើផ្ទៃមុខតួជំនួស ដោយសម្រិតសម្រាំងទាំងចលនាមាត់ កែវភ្នែក និងទឹកមុខ ឱ្យមានភាពរស់រវើកដូចមនុស្សពិតៗ។
សំនួរសួរថា ហេតុអ្វីបានជាក្រុមហ៊ុនមិនជួលពួកគេមកថតជុំគ្នាឱ្យដឹងសខ្មៅតែម្តង? ចម្លើយគឺសាមញ្ញបំផុត ការប្រមូលផ្ដុំតារាឆ្នើមទាំង ៤ រូបនេះ ឱ្យមកស្ថិតក្នុងទីតាំង និងពេលវេលាតែមួយ គឺជារឿងដែលស្ទើរតែមិនអាចទៅរួច ក្រៅពីតារាងពេលវេលាដ៏មមាញឹកដែលខុសគ្នាដូចមេឃនិងដី តម្លៃខ្លួន របស់ពួកគេម្នាក់ៗគឺមហាសាល ដែលអាចធ្វើឱ្យចំណាយក្នុងផលិតកម្មកើនឡើងដល់កម្រិតខ្ពស់បំផុត។ ប៉ុន្ដែការសហការក្នុងការផុសរួមគ្នានៅលើបណ្ដាញសង្គមរបស់ពួកគេផ្ទាល់ ក៏ប្រហែលជាការចំនាយមិនតិចប៉ុន្មានដែរ។
តើប្រិយមិត្តយល់ថាវីដេអូដែលបង្កើតឡើងដោយAl ដូចមនុស្សពិតប៉ុន្មានភាគរយដែរ? សូមបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នា ។
ប្រភព បរទេស
