ការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនព្រឹត្តិការណ៍ World Cup រវាងក្រុមជម្រើសជាតិ ម៉ិកស៊ិក និង ព័រទុយហ្គាល់ បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកុះករ។
មុនពេលការប្រកួតចាប់ផ្តើម មានការបញ្ជាក់ថា Cristiano Ronaldo នឹងត្រូវអវត្តមានពីបញ្ជីឈ្មោះកីឡាកររបស់ព័រទុយហ្គាល់ ដោយសារបញ្ហារបួសសរសៃពួរ (Hamstring)។ ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រម៉ិកស៊ិកយ៉ាងច្រើន ដែលបានធ្វើដំណើរយ៉ាងឆ្ងាយមកកាន់ទីលានប្រកួត មានការខកចិត្តយ៉ាងខ្លាំង។

ការប្រកួតនេះ ដើមឡើយត្រូវបានគេផ្សព្វផ្សាយដោយយក Ronaldo ជាចំណុចទាក់ទាញបំផុត ហើយសំបុត្រត្រូវបានលក់អស់តាំងពីដំបូង និងត្រូវបានពួកឈ្មួញកណ្តាល (Scalpers) ដំឡើងថ្លៃយ៉ាងខ្ពស់កប់ពពក។
អ្នកគាំទ្រមួយចំនួនបាននិយាយថា ពួកគាត់បានចំណាយប្រាក់ជាង ១០,០០០ ប៉េសូ (ប្រហែល ៥០០-៦០០ ដុល្លារ) ដើម្បីទិញសំបុត្រតម្លៃថ្លៃសម្រាប់ដំណើរកម្សាន្តពិសេសមកមើលការប្រកួតនេះ ប៉ុន្តែចុងក្រោយ Ronaldo បែបជាអវត្តមានទៅវិញ ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថាខាតបង់ និងនាំគ្នារអ៊ូរទាំ។
អ្នកគាំទ្រម្នាក់ដែលត្រូវបានសម្ភាសបាននិយាយចំៗថា ដំណើរនេះគឺមិនមានតម្លៃសមនឹងការខាតបង់នោះទេ៖ “CR7 តើអ្នកនៅឯណា? ពួកយើងបានចំណាយអស់ជាង ១០,០០០ ប៉េសូ ក្នុងម្នាក់ៗ វាពិតជាមិនសមទាល់តែសោះ។”

ជាពិសេសនៅក្នុងនាទីទី ៧ នៃការប្រកួត អ្នកគាំទ្រក៏បានស្រែកច្រៀងឈ្មោះរបស់ Ronaldo ព្រមៗគ្នា ដើម្បីជាការសម្តែងការគោរពដល់តារាបាល់ទាត់រូបនេះដែលអវត្តមានផងដែរ៕
ប្រភព បរទេស
