ទាំងគ្រូម៉ាឡេស៊ី និងវៀតណាម សុទ្ធតែបង្ហាញគោលជំហររៀងៗខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១នេះ

គ្រាដែលជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវបើកទ្វារកីឡដ្ឋាន Bukit Jalil របស់ខ្លួន ទទួលស្វាគមន៍ជម្រើសជាតិវៀតណាម លោក Tan Cheng Hoe គ្រូបង្វឹកក្រុមម្ចាស់ផ្ទះបានបង្ហាញចំណាប់អារម្មណ៍ថា ការលេងនៅក្នុងទឹកដីរបស់ខ្លួន គឺជាផលវិជ្ជមានសម្រាប់ពួកគេ ហើយប្រសិនបើកីឡាករនៅតែរក្សាការលេងល្អដូចប្រកួតមុនៗ ច្បាស់ណាស់ពួកគេនឹងធ្វើឱ្យវៀតណាមភ្ញាក់ផ្អើល ។

លោក Cheng Hoe៖ « ពិតណាស់ ការលេងនៅក្នុងទឹកដី គឺផ្តល់ផលវិជ្ជមានដល់យើង ក៏ដូចផ្តល់ផលប្រយោជន័ខ្លះដល់ពួកយើង ប៉ុន្តែប្រសិនជាកីឡាករអាចរក្សាការលេងរបស់យើង ហើយលេងបានល្អដូចការរំពឹងទុក ពិតណាស់យើងនឹងទទួលលទ្ធផលល្អ ហើយវៀតណាម នឹងភ្ញាក់ផ្អើល » ។រីឯគ្រូបង្វឹកវៀតណាមវិញ លោក Park Hang-Seo ដែលកំពុងសាងកេរិ៍តឈ្មោះរបស់ខ្លួនយ៉ាងអស្ចារ្យលើវិស័យបាល់ទាត់វៀតណាម បាននិយាយថា៖ « ទោះបីគ្រូបង្វឹក និងកីឡាករម៉ាឡេស៊ី នៅដដែល ប៉ុន្តែស្ថានភាពនៅវគ្គផ្តាច់ព្រ័ត្រ នឹងមិនដូចកាលពីពួកយើងបានយកឈ្នះគេនៅក្នុងពូលឡើយ ខ្ញុំជឿជាក់ថាម៉ាឡេស៊ី នឹងត្រៀមខ្លួនបានល្អ ហើយស្វែងយល់អំពីចំណុចខ្សោយរបស់យើង តែពួកយើងក៏មិនខុសពីគេដែរ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីយកឈ្នះអ្វីដែលនឹងក្លាយជាបញ្ហាប្រឈមដ៏លំបាក » ៕

ការប្រកួត នឹងចាប់ផ្តើម នៅម៉ោង ៧ និង ៤៥នាទីយប់ នៅកីឡដ្ឋាន Bukit Jalil ដែលផ្ទុកអ្នកទស្សនាបាន ជាង ៨ម៉ឺននាក់ឯនោះសម្រាប់ជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup នេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT