យោងតាមសារព័ត៌មានព័រទុយហ្គាល់ A Bola ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ បានឱ្យដឹងថា បន្ទាប់ពីការប្រកួតកាលពីថ្ងៃច័ន្ទកន្លងទៅ ថ្នាក់ដឹកនាំក្លឹប Al-Nassr បានចេញបញ្ជាហាមឃាត់គ្រូបង្វឹកលោក Jorge Jesus និងកីឡាករទាំងអស់ មិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ពាក់ព័ន្ធនឹងភាពតានតឹងដែលបង្កឡើងដោយការតវ៉ារបស់ Cristiano Ronaldo ឡើយ។ បច្ចុប្បន្ន ក្លឹបបានឈានចូលដល់ ដំណាក់កាលបិទព័ត៌មាន ។

ខ្សែសង្វាក់ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថាជាសញ្ញាគ្រោះថ្នាក់សម្រាប់ប្រព័ន្ធគ្រប់គ្រងបាល់ទាត់អារ៉ាប៊ីសាអូឌីត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានប្រើប្រាស់ធនធានហិរញ្ញវត្ថុដ៏មហាសាលដើម្បីទាក់ទាញតារាបាល់ទាត់លំដាប់ពិភពលោក ប៉ុន្តែពេលនេះ ពួកគេកំពុងប្រឈមមុខនឹងជម្លោះផ្ទៃក្នុងដ៏ស្រួចស្រាវជាលើកដំបូង។
មូលហេតុដែលកើតឡើងភាពចម្រូងចម្រាស
ពាក់ព័ន្ធនឹងតម្លៃខ្លួនដ៏ខ្ពស់របស់ Cristiano Ronaldo ក្នុងវ័យ ៤០ ឆ្នាំ មានកិច្ចសន្យាដែលផ្ដល់ប្រាក់ចំណូលរហូតដល់ ៤៨៨,០០០ ផោនក្នុងមួយថ្ងៃ។ ការមិនពេញចិត្តនឹងការគ្រប់គ្រងបើយោងតាមកាសែត A Bola បានឱ្យដឹងថា Cristiano Ronaldo មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ Al-Nassr។

លទ្ធភាពក្នុងការចាកចេញ
សេណារីយ៉ូដ៏អាក្រក់បំផុតសម្រាប់ក្លឹប គឺ Ronaldo អាចនឹងសម្រេចចិត្តចាកចេញមុនពេលកិច្ចសន្យាត្រូវផុតកំណត់នៅឆ្នាំ ២០២៧។ កាលពីខែធ្នូឆ្នាំមុន គេបានបង្ហើបថាអាជីពរបស់គេប្រហែលជាមិនបញ្ចប់នៅអារ៉ាប៊ីសាអូឌីតឡើយ ដោយបញ្ជាក់ថា៖ “ចំណង់ចំណូលចិត្តរបស់ខ្ញុំក្នុងការលេងបាល់នៅតែខ្លាំងក្លា មិនថាខ្ញុំលេងនៅមជ្ឈិមបូព៌ា ឬអឺរ៉ុបទេ វាមិនសំខាន់ឡើយ”។
ការធ្វើពហិការ និងតុល្យភាពទីផ្សារដោះដូរកីឡាករ
ដោយសារតែការមិនពេញចិត្តនឹងការវិនិយោគតិចតួចពេកលើទីផ្សារដោះដូរកីឡាករ Ronaldo បានបដិសេធមិនធ្វើដំណើរជាមួយក្រុម Al-Nassr ទៅកាន់ទីក្រុង Al-Riyadh កាលពីថ្ងៃច័ន្ទ ដែលនេះជាការបង្ហាញកំហឹងតាមរយៈការធ្វើពហិការមិនចូលរួមប្រកួត។
ស្របពេលជាមួយគ្នានេះ ក្លឹប Al-Hilal ដែលកំពុងនាំមុខ Al-Nassr តែ ១ ពិន្ទុប៉ុណ្ណោះក្នុងលីគ ត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាយក Benzema ដែលជាមិត្តរួមក្រុមដ៏ជិតស្និទ្ធបំផុតម្នាក់របស់ Ronaldo កាលនៅ Real Madrid។ នេះគឺជាការវាយប្រហារដ៏ធំមួយចំពោះ Ronaldo។

ការប្រៀបធៀបការវិនិយោគរវាង Al-Nassr និង Al-Hilal
ដែលក្លឹបធំៗទាំងបួន Big 4 (Al-Nassr, Al-Hilal, Al-Ittihad និង Al Ahli) សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ PIF ប៉ុន្តែមានភាពខុសគ្នាខ្លាំង៖
– ចាប់តាំងពី Ronaldo ចូលរួមនៅរដូវកាល ២០២២-២៣ ការវិនិយោគសុទ្ធរបស់ Al-Hilal លើស Al-Nassr ប្រហែល ១៨០ លានផោន។
– Al-Hilal ត្រៀមនឹងឈ្នះពានលីគលើកទី២ ក្នុងរយៈពេល ៣ ឆ្នាំ ខណៈ Ronaldo មិនទាន់បានឈ្នះពានរង្វាន់ធំៗណាមួយឡើយនៅមជ្ឈិមបូព៌ា។
– ក្នុងខែមករានេះ Al-Nassr ចុះហត្ថលេខាយកបានត្រឹមតែខ្សែបម្រើវ័យក្មេងអ៉ីរ៉ាក់កីឡាករ Haydeer Abdulkareem ម្នាក់ប៉ុណ្ណោះ។
– ផ្ទុយទៅវិញ Al-Hilal បានពង្រឹងក្រុមយ៉ាងខ្លាំងជាមួយខ្សែការពារ Pablo Mari ១.៧ លានផោន និងខ្សែប្រយុទ្ធ Kader Meïté ក្នុងតម្លៃ ២៦ លានផោន។
គួររំលឹកផងដែរថា គ្រូបង្វឹកក្រុម Al Nassr លោក Jorge Jesus ក៏បានរិះគន់ចំៗទៅកាន់ PIF ដែរកាលពីខែមុនថា៖ “Al-Nassr មិនមានឥទ្ធិពលនយោបាយដូច Al-Hilal ឡើយ” នេះបើទោះបីជាលោកធ្លាប់ជាអតីតគ្រូបង្វឹករបស់ Al-Hilal ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ រឿងនេះបានកើតឡើងរយៈពេល 3 ថ្ងៃមកហើយនៅឡើយមិនទាន់មានការបញ្ជាក់ពី Cristiano Ronaldo ក៏ដូចជា PIF និង សហព័ន្ធបាល់អារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ ?
ប្រភព បរទេស
