សម្រាប់ក្រុម Benfica ឥឡូវនេះពួកគេត្រូវប្រឈមមុខនឹងការប្រកួតសងសឹកដល់ទៅពីរជើងជាមួយ Real Madrid ក្នុងវគ្គ Playoff ក្នុង ពានរង្វាន់ Champions League ។ ការទទួលជ័យជម្នះលើក្រុមអធិរាជស Real Madrid កាលពីរាត្រីថ្ងៃពុធ គឺជារឿងរសើប និងជាចំណុចដ៏លេចធ្លោបំផុតមួយប្រចាំរដូវកាល។ ក្រុមមកពីព័រទុយហ្គាល់មួយនេះ បានបង្ហាញទម្រង់លេងមិនសូវល្អឡើយ បើទោះបីជាបានចុះហត្ថលេខាយកកីឡាករថ្មីដូចជា Heorhiy Sudakov និង Dodi Lukébakio ដែលកំពុងរងរបួសក៏ដោយ។

នៅថ្ងៃប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុ ក្នុងពានរង្វាន់ Champions League ពួកគេបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ដល់ទៅ ៤-២ លើក្រុម Real Madrid ជាមួយនឹងការបញ្ចប់ទីដ៏រំភើបដូចនៅក្នុងរឿងហូលីវូដ បានរុញច្រានឱ្យ Benfica ឱ្យហក់ឡើងមកក្នុងចំណោមក្រុមខ្លាំងទាំង ២៤។ នេះគឺជាការផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំង បន្ទាប់ពីចាញ់ ៤ ប្រកួតជាប់ៗគ្នានៅដើមយុទ្ធនាការពានអឺរ៉ុបនេះ ក្ដីសង្ឃឹមរបស់ក្រុមដែលមានរហ័សនាមសត្វឥន្ទ្រី ក្នុងការឡើងទៅវគ្គបន្តហាក់ដូចជាមិនមានទាល់តែសោះ។ ការចាញ់ក្នុងផ្ទះក្រោមថ្វីជើងក្រុម Qarabag នៅថ្ងៃប្រកួតដំបូង ជាការប្រកួតដែលពួកគេបាននាំមុខដល់ទៅ ២-០ មុនយ៉ាងលឿន ប៉ុន្តែបែរជារបូតជ័យជម្នះវិញនោះ បានធ្វើឱ្យលោក Bruno Lage បាត់បង់តំណែង និងបើកទ្វារស្វាគមន៍លោក José Mourinho មកជំនួសវិញ។
អតីតគ្រូបង្វឹករបស់ Real Madrid រូបនេះ ក៏បានចាញ់ការប្រកួតក្នុងពានអឺរ៉ុប ៣ លើកដំបូងរបស់លោក ក្រៅដីជាមួយ Chelsea និង Newcastle និងក្នុងដីជាមួយ Leverkusen ផងដែរ ប៉ុន្តែបានឈ្នះ ៣ លើកវិញ ក្នុងចំណោម ៤ ប្រកួតចុងក្រោយដែលក្នុងនោះនៅផ្ទះ Ajax, នៅផ្ទះខ្លួនឯងជាមួយ Napoli និងជ័យជម្នះដ៏កក្រើកពិភពបាល់ទាត់កាលពីថ្ងៃពុធនៅកីឡដ្ឋាន Estádio da Luz ដែលត្រូវបានសម្រេចដោយគ្រាប់បាល់ចុងម៉ោងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ្នកចាំទី Anatoliy Trubin។
ការចាញ់ ២-០ នៅទីក្រុង Turin ក្នុងប្រកួតចុងក្រោយបង្អស់ បានន័យថាពួកគេត្រូវការអព្ភូតហេតុ ដែលកាន់តែពិបាកដោយសារបរិយាកាសតានតឹងជុំវិញទម្រង់លេងក្នុងស្រុកដ៏អន់ថយ។ ក្នុងលីគ Benfica ឈរនៅលេខ ៣ ដាច់ឆ្ងាយ ១០ ពិន្ទុពីក្រុម Porto ហើយនៅដំណាក់កាលនេះ គោលដៅដែលសមស្របជាងនេះគឺចំណាត់ថ្នាក់លេខ ២ ដែលនាំទៅរកការប្រកួតជម្រុះ Champions League ដែលបច្ចុប្បន្នកាន់កាប់ដោយ Sporting CP ដោយមានពិន្ទុលើស ៣ ពិន្ទុ។

នៅក្នុងពានរង្វាន់ក្នុងស្រុក Benfica បានធ្លាក់ក្រោមថ្វីជើងក្រុម Braga ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Taça da Liga និងចាញ់ក្រុម Porto នៅកីឡដ្ឋាន Dragão ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពាន Taça។ តាមស្ថានភាពបច្ចុប្បន្ន មានលទ្ធភាពខ្ពស់ដែលរដូវកាលនេះនឹងបញ្ចប់ទៅដោយគ្មានពានរង្វាន់អ្វីសោះ ក្រៅតែពីពានព័រទុយហ្គាល់ Super Cup ដែលឈ្នះកាលពីថ្ងៃទី ៣១ ខែកក្កដា ក្រោមការដឹកនាំរបស់លោក Lage ដោយបានយកឈ្នះ Sporting នៅកីឡដ្ឋាន Algarve។
វាអាចជាលទ្ធផលដ៏សោកសៅសម្រាប់ក្លឹបយក្សអឺរ៉ុបមួយនេះដែលបានវិនិយោគយ៉ាងច្រើនកាលពីរដូវក្តៅ ដែលភាគច្រើនបានមកពីការលក់កីឡាករ Álvaro Carreras ដើម្បីនាំយក Sudakov, Franjo Ivanovic, Lukébakio, Richard Ríos, Amar Dedic និង Enzo Barrenechea។ ការតស៊ូនៅពាក់កណ្តាលរដូវកាលបានជំរុញឱ្យក្លឹបពង្រឹងក្រុមម្តងទៀតក្នុងទីផ្សារដោះដូរកីឡាកររដូវរងា ជាមួយនឹងខ្សែការពារស្លាប Sidny Cabral និងការត្រឡប់មកផ្ទះវិញរបស់ Rafa Silva បន្ទាប់ពីចំណាយពេលនៅតួកគី។ អ្នកទាំងពីរនឹងមានវត្តមានសម្រាប់ការប្រកួត Playoff ទល់នឹង Real Madrid ផងដែរ។
តើ Benfica រៀបចំទម្រង់លេងយ៉ាងដូចម្តេចក្រោមការដឹកនាំរបស់ Mourinho?
ក្រោមការដឹកនាំរបស់លោក Mourinho ក្រុម Benfica កំពុងលេងក្នុងទម្រង់ ៤-២-៣-១ ដែលជាស្ទីលប្រចាំត្រកូលរបស់លោក ជាមួយនឹងការផ្លាស់ប្តូរដែលធ្វើឱ្យក្រុមមានទំនោរទៅរកការវាយសម្រុក ឬការពារ អាស្រ័យលើគូប្រកួត។ ទាំងនៅទីក្រុង Turin និងពេលជួប Real Madrid លោកបានដាក់ Leandro Barreiro ក្នុងតួនាទីបម្រើការពារ Sudakov ជាលេខ ១០ និងខ្សែស្លាបធម្មជាតិពីររូប Gianluca Prestianni និង Andreas Schjelderup ខណៈ Lukébakio រងរបួស។ ទម្រង់នេះមានភាពក្លាហានជាពិសេស ដោយផ្តល់នូវការគំរាមកំហែងមួយទល់នឹងមួយកាន់តែច្រើន និងផ្តល់សេរីភាពឱ្យកីឡាករអ៊ុយក្រែន Sudakov ដើរតួនាទីយ៉ាងទូលំទូលាយនៅខាងក្នុង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតថ្មីៗផ្សេងទៀត Sudakov បានចាប់ផ្តើមនៅស្លាបឆ្វេង លោក Mourinho បានដកខ្សែស្លាបពិតប្រាកដចេញ ហើយប្រើ Barreiro ជាលេខ ១០ ខណៈពេលដែលចាប់គូ Barrenechea និង Ríos ក្នុងតួនាទីបម្រើកណ្តាល ទោះបីជា Ríos បានខកខានការប្រកួតថ្មីៗដោយសារបញ្ហាកាយសម្បទាក៏ដោយ។
កីឡាករន័រវេស Aursnes ក៏ផ្តល់ឱ្យ Mourinho នូវភាពបត់បែនយ៉ាងខ្លាំងផងដែរ ដោយអាចលេងបានស្ទើរតែគ្រប់ទីកន្លែង ទាំងបម្រើកណ្តាល ស្លាប ឬសូម្បីតែខ្សែការពារស្លាប។ ចំណែក Vangelis Pavlidis ដឹកនាំតំបន់ប្រយុទ្ធ ដែលរូបគេរកបាន ២២ គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយទម្រង់លេងមិនសូវល្អរបស់ Ivanovic ដែលរកបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ

មានន័យថាតំណែងរបស់ខ្សែប្រយុទ្ធក្រិករូបនេះមានសុវត្ថិភាពជាងការរំពឹងទុក បន្ទាប់ពីការមកដល់របស់កីឡាករក្រូអាត ជាពិសេសពិចារណាលើចំនួនគ្រាប់បាល់ដ៏ច្រើនដែល Ivanovic ធ្លាប់រកបាននៅ Union Saint-Gilloise។
ក្នុងតំបន់ការពារ កីឡាករមានបទពិសោធន៍ដូចជា Nicolás Otamendi គឺជាមេដឹកនាំនៅតំបន់ខ្សែការពារដែលសម្បូរទៅដោយខ្សែការពារកណ្តាលខ្លាំងៗ។ ជាធម្មតា Mourinho ត្រូវជ្រើសរើសដៃគូរបស់គេរវាងកីឡាករអន្តរជាតិព័រទុយហ្គាល់វ័យក្មេងពីររូបគឺ Tomás Araújo និង António Silva។ កីឡាករជំនាន់ក្រោយនេះ António Silva បើទោះបីជាមានបទពិសោធន៍ច្រើនក្នុងក្រុមជម្រើសជាតិក៏ដោយ ប៉ុន្តែថ្មីៗនេះរូបគេជាអ្នកដែលត្រូវបានទុកនៅលើកៅអីបម្រុងជាញឹកញាប់។ ការគំរាមកំហែងរបស់ Otamendi ក្នុងការតែតបាល់ក្នុងវគ្គវាយសម្រុកត្រូវបានពិភពលោកស្គាល់ជាច្រើនឆ្នាំមកហើយ ហើយវានៅតែមានប្រសិទ្ធភាពខ្លាំងដដែល។ ខ្សែការពារស្លាប Amar Dedic និង Samuel Dahl សុទ្ធតែមានទម្រង់លេងបែបវាយសម្រុក ដោយក្នុងនោះកីឡាករ Dedic កំពុងលេចធ្លោជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបផងដែរ ។
ប្រភព បរទេស
