ខ្សែការពារជម្រើសជាតិអង់គ្លេសកីឡាករ Marc Guehi ដែលចង់ផ្លាស់ទៅកាន់ក្លឹបហង្សក្រហម Liverpool ប៉ុន្តែការផ្លាស់ប្តូរនោះត្រូវបានបរាជ័យនៅថ្ងៃចុងក្រោយក្នុងទីផ្សារដោះដូរកីឡាករ។ ក្លឹប Liverpool និង Crystal Palace បានព្រមព្រៀងតម្លៃគ្នារួចទៅហើយក្នុងតម្លៃប្រហែល ៣៥ លានផោន ហើយ Guehi ក៏បានឆែកសុខភាពរួចរាល់ហើយផងដែរ។ ទោះជាយ៉ាងណា ក្លឹប Crystal Palace បានបដិសេធក្រោយពេលមិនអាចរកអ្នកជំនួសរូបគេបាន។

ចំណុចនេះបានធ្វើឲ្យ Guehi មានការខឹងសម្បារយ៉ាងខ្លាំង គឺនៅពេលដែលមានការពិភាក្សាសំខាន់ ក្លឹបបានពន្យារពេល ដោយប្រធានក្លឹប លោក Steve Parish បានទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណខាងក្រៅក្លឹបមុនពេលមកជួបគាត់នៅម៉ោង ៦ ល្ងាច ដែលនៅសល់ត្រឹមតែមួយម៉ោងទៀតប៉ុណ្ណោះមុនពេលបិទទីផ្សារ។ ទោះបីក្លឹប Liverpool បានដាក់ឯកសារស្នើរសុំផ្ទេរទៅហើយក៏ដោយ តែការផ្លាស់ប្តូរក៏ត្រូវបានបរាជ័យ ។
ការសម្រេចចិត្តនេះធ្វើឲ្យ Guehi ខឹងយ៉ាងខ្លាំង ហើយត្រូវបានគេរាយការណ៍ថាគាត់អាចនឹងលាលែងចេញពីតួនាទីជាប្រធានក្រុមផងដែរ។ ខណៈនេះ គ្រូបង្វឹក Oliver Glasner វិញ មានការសប្បាយចិត្ត ព្រោះមុននេះគាត់បានព្រមានថា ប្រសិនបើលក់ Guehi នោះនឹងគ្មានអ្នកអាចជំនួសខ្សែការពាររូបនេះបាននោះទេ ហើយគាត់អាចនឹងចាកចេញពីក្លឹប ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹប Crystal Palace ទើបតែបានចុះហត្ថលេខានាំយកខ្សែការពារ Jaydee Canvot អាយុ ១៩ ពីក្លឹប Toulouse តែគេត្រូវបានចាត់ទុកថាជាកីឡាករនៅថ្ងៃអនាគត មិនមែនសម្រាប់ជាអ្នកជំនួស Guehi ភ្លាមៗនោះទេ ។
បច្ចុប្បន្ន Guehi ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ទល់នឹង Andorra និង Serbia។ ហើយការប្រកួត Premier League បន្ទាប់របស់ Crystal Palace គឺត្រូវលេងតទាល់ជាមួយក្រុមកំពុងឡើងជើង Sunderland នៅថ្ងៃសៅរ៍ ១៣ កញ្ញា ៕
ប្រភព ៖ បរទេស
