Ronaldo ​អាច​នឹង​ចាកចេញ​ពី Real Madrid ​ទៅ​លេង​ឱ្យ​ក្លឹប​ថ្មី ​រដូវ​កាល​ក្រោយ

Cristiano Ronaldo ​អាច​នឹង​ទៅ​លេង​ឱ្យ​ក្លឹប​ថ្មី​នៅ​រដូវ​កាល​ក្រោយ​នេះ​ហើយ ​បន្ទាប់​ពី​រូបគេ​ចូល​លេង​ឱ្យ Real Madrid ​តាំង​ពី​ឆ្នាំ​២០០៩ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​ជា​ច្រើន។

ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ UCL ​ជា​លើក​ទី​១៣​កាល​ពី​យប់មិញ​មក។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ ​បាន​និយាយ​ថា​អនាគត​ខ្លួន​ឯង ​មិន​ទាន់​ច្បាស់​ថា​នឹង​នៅ Real ​បន្ដ ​ឬ​ត្រូវ​ចាកចេញ​ឡើយ។ រូបគេ​អាច​នឹង​ប្រាប់​អ្នក​គ្រប់​គ្នា​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ឬ​អាច​ចប់​ពី​ព្រឹត្តិការណ៍ World Cup ​នៅ​ប្រទេស​រុស្ស៊ី។

អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ UCL ​រដូវ​កាល​នេះ បាន​បន្ថែម​ថា​រូបគេ​សប្បាយ​ចិត្ត​ណាស់​នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ​ជាមួយ​ក្រុម Real Madrid ​និង​បាន​ជួយ​ក្រុម​នេះ​ជោគជ័យ​ច្រើន​ឆ្នាំ​ជាប់​គ្នា។ ប៉ុន្តែ​បើ​និយាយ​ពី​អនាគត​ថា​នៅ​បន្ដ​ឬ​យ៉ាង​ណា ​រូបគេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ។

ជាមួយ​ក្រុម Real Madrid  ៥​ឆ្នាំ​ចុង​ក្រោយ​នេះ Ronaldo ​បាន​ជួយ​ក្រុម​លើក​ពាន UCL ​បាន​៤​ដង​មក​ហើយ។ ស្រប​ពេល​រូបគេ​ផ្ទាល់​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​រាប់​មិន​អស់​ផង​ដែរ អំឡុង​ពេល​លេង​នៅ​អេស្ប៉ាញ​នេះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT