អ្នកចាំទីរបស់ក្រុម Man United កីឡាករ Andre Onana បានកើតនៅភូមិតូចមួយឈ្មោះ Nkol Ngok នៅប្រទេសកាមេរូន ដែលមានចម្ងាយ ៨៤ ម៉ាយពីរដ្ឋធានី Yaounde។ តាំងពីតូច គាត់មិនចូលចិត្តទៅសាលារៀននោះទេ ហើយចាប់អារម្មណ៍នឹងការធ្វើជាអ្នកចាំទី។ គាត់តែងតែលួចទៅមើលបងប្រុសរបស់គាត់ Christian លេងបាល់ទាត់ បើទោះបីជាឪពុកម្តាយព្យាយាមបង្ខំគាត់ឱ្យរៀនក៏ដោយ។ បងប្រុសគាត់បាននិយាយថា ពេល Onana អាយុ ៥ ឆ្នាំ គាត់ធ្លាប់ដើរថ្មើរជើង ៣០ នាទីទៅទីលានហ្វឹកហាត់ដោយខ្លួនឯង ដើម្បីតាមបងប្រុស បង្ហាញពីភាពតស៊ូមិនចេះបោះបង់របស់គាត់។
នៅក្នុងប្រទេសកាមេរូន ឱកាសមានកម្រិត ប៉ុន្តែ Onana មានភាពក្លាហាន និងឆន្ទៈខ្លាំង។ គាត់ចូលលេងឱ្យក្លឹបដំបូងរបស់គាត់គឺក្លឹប ASVP ដែលមានមូលដ្ឋាននៅទីក្រុង Yaounde ដោយលេងជើងទទេ ហើយទោះបីជាក្រចកជើងរបស់គាត់របើកក៏ដោយ គាត់នៅតែបន្តលេងដោយរុំក្រណាត់។ ក្រោយមក គាត់ត្រូវបានជ្រើសរើសដោយក្លឹប Fundesport ដែលជាក្លឹបរបស់ Samuel Eto’o ហើយបានទៅលេងនៅអឺរ៉ុបនៅពេលនោះ។ នៅទីនោះ Barcelona ក៏បានចាប់អារម្មណ៍ ហើយនាំគាត់ទៅសាលា La Masia ប៉ុន្តែគាត់ត្រូវផ្អាកលេង ១៨ ខែដោយសារបទបញ្ជា FIFA។
បន្ទាប់មកក្លឹប Ajax បានឃើញទេពកោសល្យរបស់គាត់ ហើយផ្តល់ឱកាសឱ្យគាត់ក្លាយជាអ្នកចាំទីដ៏ល្អម្នាក់។ ប៉ុន្តែគាត់ត្រូវជួបរឿងលំបាកម្តងទៀតនៅអាយុ ២៤ ឆ្នាំ ពេលត្រូវផ្អាក ៩ ខែ ដោយសារបញ្ហាថ្នាំហាមឃាត់ (furosemide) ដែលគាត់បានលេបដោយច្រឡំពីវេជ្ជបញ្ជារបស់ប្រពន្ធ។ ទោះជាយ៉ាងនេះក្តី គាត់បានតស៊ូទៅមុខ ហើយចូលលេងឱ្យ Inter Milan ដោយបង្ហាញសមត្ថភាពអស្ចារ្យ មុនពេលផ្ទេរទៅ Manchester United ក្នុងតម្លៃ ៤៧ លានផោននៅឆ្នាំ ២០២២។
នៅ Manchester United គាត់ធ្លាប់រងការរិះគន់ដោយសារកំហុសឆ្គងជាច្រើនលើក ប៉ុន្តែបច្ចុប្បន្នគាត់មានភាពរឹងមាំជាងមុន ហើយបានជួបក្លឹប បិសាចក្រហមឈ្នះពាន FA Cup។ ថ្មីៗនេះ ប្រពន្ធគាត់ Melanie Kamayou ត្រូវគេប្លន់កាបូប Hermes Birkin តម្លៃ ៦២,០០០ ផោន និងនាឡិកា Rolex នៅខាងក្រៅភោជនីយដ្ឋានមួយនៅ Cheshire ដែលជាបញ្ហាថ្មីមួយទៀតសម្រាប់គាត់។ ទោះបីជាមានការលំបាក ភាពរឹងមាំផ្លូវចិត្តរបស់ Onana នៅតែជួយគាត់បន្តតស៊ូ ហើយគាត់អាចនឹងជួយ Manchester United ឱ្យត្រឡប់មករកភាពជោគជ័យបាន ៕
ប្រភព បរទេស