ក្រុម Manchester City បានស្គាល់បរាជ័យលើកដំបូងក្នុងលីគអង់គ្លេសនារដូវកាលនេះហើយ ក្រោយពីចាញ់ក្រុម Chelsea ក្នុងលទ្ធផល ២-០។២គ្រាប់ធ្វើឱ្យលោក Pep ខកចិត្តនេះ ធ្វើបានដោយ Kante នៅចុងតង់ទី១ និង David Luiz នៅតង់ទី២។ ខណៈដែលក្រុមមេឃខៀវ ព្យាយាមវាយសម្រុកស្វែងរកគ្រាប់បាល់មកវិញដែរ ប៉ុន្តែមិនមានឱកាសឡើយ។ លោក Pep Guardiola ត្បិតតែចាញ់យ៉ាងនេះមែន ប៉ុន្តែលោកមើលឃើញថាក្រុមទាំងមូលលេងល្អជាងប្រកួតមុនៗទៅទៀត។
“យើងលេងបានល្អណាស់ ល្អជាងប្រកួតមុនៗទៅទៀត ដែលធ្វើឱ្យ Chelsea សឹងតែគ្មានឱកាសស៊ុតក្រុមយើងឡើយ។ យើងលេងមិនល្អក្នុង៩០នាទីនេះ ប្រហែលជា៥ទៅ៨នាទីទេ ប៉ុន្តែក្នុងរយៈពេលនេះគឺជាពេលដែល Chelsea អាចចាប់ឱកាស និងយកឈ្នះយើងបាន។ ក្រុមទាំងអស់នៅអង់គ្លេស កំពុងតែចង់ឈ្នះយើងជាខ្លាំង ហើយពួកគេនឹងចាប់យកឱកាស ទោះមានតិចឬច្រើនក្ដី”សម្ដីលោក Pep ។
ការបាត់៣ពិន្ទុនេះដែរ បានធ្វើឱ្យ Man City ធ្លាក់ចេញពីកំពូលតារាងហើយ ដោយក្រុម Liverpool ជាអ្នកឡើងជំនួស។ យ៉ាងណាមិញ គំលាតរវាងក្រុមទាំងពីរគឺមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដូច្នេះប្រសិនណាបើក្រុមណាមួយភ្លាត់ចាញ់ឬស្មើក្រុមដទៃនោះ ឱកាសយកពានរង្វាន់នឹងបាត់បង់ហើយ៕
ប្រភព៖ DailyMail