ខ្សែការពារស្តាំរបស់ Liverpool កីឡាករ Trent Alexander-Arnold (អាយុ ២៥ឆ្នាំ) មានបំណងចង់កាន់កាប់ក្លឹប FC Nantes នៅ Ligue 1 នេះបើយោងតាមរបាយការណ៍ពីកាសែតបារាំង L’Equipe នៅថ្ងៃសុក្រនេះ។ សារព័ត៌មាននេះយល់ថា ឪពុករបស់កីឡាករអន្តរជាតិអង់គ្លេសលោក Michael Arnold ដែលបានដើរតួជាអ្នកគ្រប់គ្រងផលប្រយោជន៍របស់កូនប្រុសគាត់តាមរយៈក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារកីឡាបាល់ទាត់របស់បារាំង។ នេះមិនមែនជាលើកទីមួយទេ ដែលរូបគេវិនិយោគក្នុងវិស័យកីឡា ព្រោះថា Alexander-Arnold គឺជាម្ចាស់ភាគហ៊ុនភាគតិចក្នុងក្រុមហ៊ុនបារាំង Formula 1 ក្រុមហ៊ុន Alpine F1 តាមរយៈក្រុមហ៊ុន Otro Capital។
កាសែត L’Equipe យល់ថា Arnold ធ្លាប់បានចាប់អារម្មណ៍ក្នុងការទិញយកក្លឹប AS Saint-Etienne និងក្លឹប Le Havre មុនពេលកំណត់គោលដៅរបស់គាត់លើ FC Nantes ។ ម្ចាស់ជើងឯកបារាំង ៨សម័យ ត្រូវបានគ្រប់គ្រងដោយអ្នកជំនួញជនជាតិបារាំងលោក Waldemar Kita ដែលជាឥស្សរជនមិនធ្លាប់មានក្នុងចំណោមអ្នកគាំទ្រ Canaris (រហ័សនាមក្លឹប) ។ លោក Kita បានកាន់កាប់ FC Nantes តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ហើយត្រូវបានគេរាយការណ៍ថា គាត់ធុញទ្រាន់នឹងការតស៊ូផ្នែកកីឡា និងហិរញ្ញវត្ថុដែលជួបប្រទះដោយក្រុម ដែលមានមូលដ្ឋាននៅ Loire-Atlantique ។ ការបរាជ័យរបស់លោក Kita ក្នុងការកសាងកីឡដ្ឋានឯកជនថ្មី និងជម្លោះកិច្ចព្រមព្រៀងសិទ្ធិផ្សាយលើទូរទស្សន៍ បានបញ្ជាក់ពីចេតនារបស់គាត់ក្នុងការលក់ក្លឹបមួយនេះ។
លោក Kita ត្រូវបានគេរាយការណ៍ថាបានជួបជាមួយ Arnolds តាមរយៈ videoconference កាលពីរដូវក្តៅមុន មុនពេលជួបពួកគេដោយផ្ទាល់នៅទីក្រុងហ្សឺណែវ ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការដេញថ្លៃទិញយកនេះត្រូវបានគេរាយការណ៍ថាមានចំនួនប្រមាណ ១០០ លានអឺរ៉ូ រួមទាំងប្រាក់សុទ្ធចំនួន ៨០លានអឺរ៉ូ បូករួមទាំងឥណទានអ្នកលក់ចំនួន ២០លានអឺរ៉ូ អមដោយប្រាក់រង្វាន់ផ្សេងៗរហូតដល់ ៤០លានអឺរ៉ូ។ កិច្ចប្រជុំលើកទីបីត្រូវបានគេរាយការណ៍ថាបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងឡុងដ៍រវាងភាគីដែលបានចាប់អារម្មណ៍។
ពួកគេ (អ្នកកាសែត) យល់ថា Kita នឹងចង់យកមកវិញនូវការខាតបង់ដ៏ច្រើនរបស់គាត់កន្លងមក ដែលវានឹងធ្វើឱ្យមានការលំបាកសម្រាប់ Alexander-Arnold ក្នុងការធ្វើតាមការទាមទាររបស់គាត់។ ក្លឹប Nantes បានបដិសេធរាល់ការចរចាទិញយកជាមួយកីឡាករអន្តរជាតិអង់គ្លេសរូបនេះ និងគ្រួសាររបស់គាត់។ ខណៈដែលនៅរដូវក្តៅនេះ ម្ចាស់ក្លឹប Liverpool ដែលជាក្រុមហ៊ុន Fenway Sports Group បានព្យាយាមទិញក្លឹប Girondins de Bordeaux មុនពេលដកខ្លួនចេញពីកិច្ចព្រមព្រៀងចំពេលមានវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប។
ប្រភព បរទេស