គ្រូ chelsea ​បន្សល់​ត្រឹម​ពាក្យ ​បារម្ភ​ខ្លាំង ​ក្រោយ​ក្រុម​របស់​ខ្លួន​បរាជ័យ​លើក​ទី​២

Chelsea ​បាន​ស្គាល់​បរាជ័យ​ទៀត​ហើយ​ក្នុង​លីគ​អង់គ្លេស ​ដោយ​ចាញ់​ក្រុម​ Wolves ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​១៥។

នេះ​ជា​បរាជ័យ​ទី​២​ហើយ​សម្រាប់​ក្រុម​របស់​លោក Sarri ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នេះ។ ខណៈ​ដែល​ចាញ់​២​ប្រកួត​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ ​កំពុង​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង ​មាន​៣១​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Arsenal ​ផង​ដែរ។ លទ្ធផល​មិន​ល្អ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Sarri ​កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង ​ត្បិត​អី​ទម្រង់​លេង​ក្រុម​មិន​ល្អ​ដូច​មុន​ឡើយ។

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ពិត​ជា​បារម្ភ​ខ្លាំង​មែនទែន​ចំពោះ​ក្រុម។ យើង​បើក​ឆាក​ការ​ប្រកួត​បាន​យ៉ាង​ល្អ ប៉ុន្តែ​នៅ​ពេល​ខាង​គេ​រក​បាន​១​គ្រាប់​ហើយ ​យើង​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ក្រុម​ផ្សេង​វិញ ​យើង​ក្លាយ​ជា​ក្រុម​លេង​ដោយ​មិន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់ ​ដើម្បី​យក​ឈ្នះ​វិញ​បាន។ យើង​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​ចុង​ក្រោយ​យើង​ធ្វើ​ជា​មិន​បាន​សម្រេច”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT