Ramos ៖ ​អ្នក​មិន​អាច​យក Salah ​ទៅ​ប្រៀប Ronaldo ​និង Messi ​ទេ ​វា​ខុស​គ្នា​ឆ្ងាយ

Sergio Ramos ​បដិសេធ​មិន​ប្រៀបធៀប​សមត្ថភាព​រវាង​ខ្សែ​ប្រយុទ្ធ Salah ​ជាមួយ​កីឡាករ Cristiano Ronaldo ​និង Lionel Messi ​ទេ ព្រោះ​វា​ខុស​គ្នា​ឆ្ងាយ​ពេក។

Salah ​ដែល​រក​បាន​៤៤​គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​នា​រដូវ​កាល​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​កំពុង​តែ​ប្រៀបធៀប​រូបគេ​ទៅ​នឹង Ronaldo ឬ Messi ​ហើយ។ យ៉ាងណាមិញ ​លេង​ល្អ​ទើប​បាន​១​រដូវកាល ​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន ដូចជា Ramos ​ជា​ដើម បដិសេធ​ចំពោះ​ការ​ប្រៀប​ធៀប​ធំ​ពេក​របស់​អ្នក​គាំទ្រ។ ដោយ Ramos ​គិត​ថា​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​ល្អ​ណាស់​រដូវ​កាល​នេះ ប៉ុន្តែ​មិន​ទាន់​អាច​យក​ទៅ​ប្រៀប​ជាមួយ​កីឡាករ​កំពូល​២​នាក់​ទៀត​បាន​ទេ។

“ប្រៀប​ធៀប​កីឡាករ​ជាមួយ Ronaldo ​និង Messi ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ​ទេ។ Salah ​ជា​កីឡាករ​ល្អ ច្បាស់​ណាស់។ គាត់​បាន​បង្ហាញ​នៅ​ឆ្នាំ​នេះ ​ហើយ​គាត់​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន។ ប៉ុន្តែ​គាត់​ត្រូវ​បង្ហាញ​វា​ឱ្យ​ល្អ​ច្រើន​ឆ្នាំ​ទៀត ទើប​អាច​ប្រៀបធៀប​គ្នា​បាន”។ សម្ដី Ramos ។

ប្រធាន​ក្រុម Real Madrid ​នឹង​ត្រូវ​នាំ​ក្រុម​របស់​ខ្លួន​លេង​ត​ទល់​ជាមួយ​ក្រុម Liverpool ​ដែល​មាន Salah ​ជា​ខ្សែ​ប្រយុទ្ធ​នៅ​រាត្រី​ម៉ោង​១:៤៥​នាទី​នេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT