ដល់​ហើយ! Real Madrid ​ឬ Liverpool ​លើក​ពាន Champions League ​យប់​នេះ?

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​រវាង​ក្រុម Real Madrid ​និង Liverpool ​នឹង​ឈាន​ចូល​មក​ដល់​នា​រាត្រី​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ។

នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ប្រិយមិត្ត​អ្នក​ស្រលាញ់​កីឡា​ជា​ច្រើន​ចង់​ឃើញ ត្បិត​អី​ក្រុម​ទាំង​ពីរ​នេះ​បាន​និយាយ​ឌឺដង​គ្នា​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ ​ធ្វើ​ឡើង​នៅ​ក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ​អ្នក​គាំទ្រ​ក្រុម​ទាំង​ពីរ​បាន​ទៅ​ដល់​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ ដើម្បី​រង់ចាំ​ទស្សនា​ការ​ប្រកួត​ធំ​មួយ​នេះ។

លោក Zidane ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​កីឡាករ​ក្រុម​របស់​លោក​ពេញ​ជើង​ល្អ ហើយ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ឈឺ​ក្បាល​ក្នុង​ការ​ជ្រើសរើស​យក​ជម្រើស​១១​នាក់​ដំបូង។ មួយ​វិញ​ទៀត ​នេះ​ជា​ការ​ឡើង​ដល់​វគ្ក​ផ្ដាច់ព្រ័ត្រ​៣​ឆ្នាំ​ជាប់​គ្នា​របស់​លោក ហើយ​រំពឹង​ថា​នឹង​អាច​ការពារ​តំណែង​ជើង​ឯក​នេះ​បាន។

ដោយ​ឡែក​សម្រាប់​ Klopp ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​សំខាន់ សម្រាប់​ក្រុម Liverpool ។ ​ប្រសិន​បើ​អាច​ឈ្នះ​បាន នោះ​វា​ជា​ពាន​ទី ៦​ហើយ​សម្រាប់​ក្រុម​ហង្ស​ក្រហម ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ។ លោក​រំពឹង​ថា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Liverpool ​ទាំង​អស់​សប្បាយ​ចិត្ត​ក្នុង​រាត្រី​នេះ។

ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ​វិញ ​៤​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ គឺ​ឈ្នះ​២​ដង​ម្នាក់​ដូច​គ្នា។ ប៉ុន្តែ​បើ​និយាយ​ពី​ពាន​រង្វាន់​នេះ​វិញ ​ក្រុម Liverpool ខកខាន​លើក​ជា​ច្រើន​ឆ្នាំមក​ហើយ ស្រប​ពេល Real ​វិញ ​លើក​ញឹកញាប់​ណាស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម Liverpool ​នា​រាត្រី​នេះ​អាច​ជា Karius; Alexander-Arnold, Lovren, Van Dijk, Robertson; Milner, Henderson, Wijnaldum; Salah, Firmino, Mane។ ចំណែក​ឯ​ខាង Real Madrid ​វិញ ​ជម្រើស​១១​នាក់​អាច​ជា Navas; Carvajal, Ramos, Varane, Marcelo; Kroos, Modric, Casemiro; Vasquez, Ronaldo, Benzema៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT