Keisuke Honda សមជាកីឡាករអាជីពមួយរូបគួរឱ្យគោរព បន្ទាប់ពីគាត់ឆ្លើយសំនួរមួយរបស់អ្នកកាសែត

កាលពីថ្ងៃទី ១ ខែ ធ្នូ កន្លងទៅ ខ្សែបម្រើជប៉ុន Keisuke Honda បានរកគ្រាប់បាល់បន្ថែម ១គ្រាប់ទៀត ឱ្យ Melbourne Victory យកឈ្នះ Western Sydney Wanderers ៤ ទល់នឹង ០ ខណៈដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនោះផងដែរ ។នៅក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត កីឡាករវ័យ ៣២ ឆ្នាំ រូបនេះបានឆ្លើយទៅនឹងសំណួរដែលចោទសួរថា នៅនាទី ៩៦ ពេលដែលប្រកួតជិតនឹងបញ្ចប់ទៅហើយ ប៉ុន្តែមើលទៅលោកដូចជានៅតែចង់បន្តការប្រកួត នៅតែចង់បានបាល់ទៀត តើនរណាជាអ្នកជំរុញទឹកចិត្តឱ្យលោកធ្វើបែបនេះ ?

Honda ឆ្លើយ៖ ” ខ្ញុំគិតថាយើងគួរតែផ្លាស់ប្តូរ ។ មិនសំខាន់នោះទេសម្រាប់ខ្ញុំចំពោះលទ្ធផល អ្វីដែលសំខាន់នោះគឺយើងអាចធ្វើឱ្យមនុស្សនៅទីនេះរីករាយ ព្រោះខ្ញុំគិតថាបាល់ទាត់គឺជាការកំសាន្ត ហើយអ្នកទស្សនា អ្នកគាំទ្រ គឺចង់ទទួលបាននូវការសប្បាយពេញ ៩០នាទី សូម្បីតែម៉ោងបន្ថែម ។ ដូចនេះខ្ញុំគិតថា យើងត្រូវតែរកគ្រាប់បាល់ យើងត្រូវតែប្រយុទ្ធ ហេតុនេះហើយទើបខ្ញុំចង់ធ្វើវា ” ។ក្រៅពីនោះអ្នកកាសែតក៏បានសួរទៀតថា ហេតុអ្វីទើបលោកសម្រេចចិត្តមិនទទួលយកការទាត់បាល់ពិន័យក្នុងប្រអប់ ( Penalty ) បែរជាប្រគល់ឱ្យមិត្តរួមក្រុមជាអ្នកទាត់ទៅវិញ ?

Honda ក៏បានឆ្លើយយ៉ាងទំនុកចិត្តថា៖ ” ជាធម្មតាគឺខ្ញុំជាអ្នកទាត់ តែអ្នកដឹងទេ ថាខ្ញុំមិនប្រកាន់ថាអ្នកណាជាអ្នករកគ្រាប់បាល់ទេ ។ ខ្ញុំមិនគិតពីវាទេ អ្វីដែលសំខាន់គឺក្រុមឈ្នះ ហើយខ្ញុំគិតថា Kosta ត្រូវការគ្រាប់បាល់ ១គ្រាប់ក្នុងប្រកួតនេះ សម្រាប់ទៅអនាគត អញ្ចឹងខ្ញុំគិតថាគាត់នឹងមានទំនុកចិត្តក្នុងថ្ងៃនេះ និងអាចរកគ្រាប់បាល់នៅប្រកួតបន្ទាប់បាន ” ។គួររំលឹកថា ក្នុងការបង្ហាញខ្លួន ៦ប្រកួតនៅ លីគកំពូលអូស្រ្តាលី Keisuke Honda រកគ្រាប់បាល់បាន ៤គ្រាប់ និង Assist ឱ្យមិត្តរួមក្រុមទាត់ចូលទីបាន ៣ Assists ហើយ ខណៈដែលការលេងរបស់គាត់ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីគ្រូបង្វឹក និងអ្នកគាំទ្រជាច្រើនរបស់ Melbourne Victory ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT