ស្ថិតិដ៏អាក្រក់មួយដែលអ្នកត្រូវដឹងអំពីក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ក្នុងលីគកំពូលកម្ពុជា

 

ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា គឺជាក្លិបដែលទទួលបានកៅអីលីគកំពូលកម្ពុជា កើតចេញពីការចូលរួមប្រជែងនៅក្របខ័ណ្ឌលីគលំដាប់ទីពីរ កាលពីឆ្នាំ ២០១៦ ដោយទទួលបានចំណាត់ថ្នាក់លេខ ២ បានរួមរស់ក្នុងលីគកំពូល រយៈពេល ជាង ១ឆ្នាំ ហើយ ។

ក្នុងរដូវកាល ២០១៧ ដែលជារដូវកាលដំបូងរបស់ពួកគេ អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ប្រាក់ វុទ្ធី ( អតីតគ្រូបង្វឹកឆ្នើមជួយបឹងកេត ឈ្នះពានលីគរដូវកាល២០១២ ) បានរក្សាកៅអីក្នុងលីគកំពូលបាន ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ៩ កើតចេញពីការប្រកួត ២២ លើក ឈ្នះ ៦ ស្មើ ២ និង ចាញ់ ១៤ លើក ។

រហូតមកទល់នឹងរដូវកាលថ្មី ២០១៨នេះ អគ្គិសនីកម្ពុជា ទើបតែរកបានជ័យជម្នះលើកទី ៧ របស់ខ្លួន ក្នុងសប្តាហ៍ទី ៦ ប៉ុណ្ណោះ ខណៈកំពុងកាន់កំណត់ត្រា ឈ្នះ ៧ លើក ក្នុង ២២ប្រកួត នៅលីគកំពូលកម្ពុជា ។គួរបញ្ជាក់ថា ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា គឺជាក្លិបបាល់ទាត់មួយដែលចាប់តាំងពីបង្កើតឡើងមក ពុំមានកីឡាករបរទេសឡើយ ក្នុងក្រុម ។

សម្រាប់សប្តាហ៍ទី ៧ ដែលនឹងចូលមកដល់នាថ្ងៃស្អែកនេះ អគ្គិសនីកម្ពុជា មានភារកិច្ចដ៏សំខាន់បំផុត ពោលគឺត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមការពារជើងឯក បឹងកេត ដែលមិនទាន់ស្គាល់បរាជ័យ ដល់ទៅ ១៦ ប្រកួត គិតចាប់តាំងពីរដូវកាល ២០១៧ ។ការប្រកួត ធ្វើឡើងនៅម៉ោង ៣រសៀល ផ្សាយផ្ទាល់លើផេក CNCC ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT