អ្នកប្រដាល់អង់គ្លេស Tyson Fury បានបរិច្ចាគប្រាក់ទាំងអស់របស់ខ្លួន៨លានផោន បានពីការប្រកួតចុងសប្ដាហ៍កន្លងទៅ ឱ្យដល់អ្នកក្រីក្រនិងគ្មានផ្ទះសម្បែង។
Tyson Fury បានត្រឹមស្មើជាមួយអ្នកប្រដាល់អាមេរិក Deontay Wilder ប៉ុណ្ណោះកាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយការប្រកួតនោះដែរ Fury បានចាត់ទុកថាអ្នកផ្ដល់ពិន្ទុពិតជាលំអៀង ទើបធ្វើឱ្យរូបគេមិនអាចឈ្នះការប្រកួតនេះបាន។ ជាមួយគ្នានឹងការមិនពេញចិត្តនឹងលទ្ធផលនេះដែរ អ្នកប្រដាល់មិនទាន់ស្គាល់ចាញ់របស់អង់គ្លេស បានបញ្ជាក់ថារូបគេនឹងយកប្រាក់ដែលទទួលបានពីការប្រកួតនេះ ដើម្បីធ្វើមនុស្សធម៌នានាទាំងអស់។
“ខ្ញុំនឹងឱ្យប្រាក់ដែលខ្ញុំវាយបាន៨លានផោន ទៅអ្នកក្រ និងសាងសង់ផ្ទះសម្រាប់ជនគ្មានផ្ទះសម្បែងនានា។ ខ្ញុំមិនមានតម្រូវការច្រើនឡើយ ទើបខ្ញុំសម្រេចចិត្តដូច្នេះ ហើយខ្ញុំក៏មិនចង់ក្លាយជាសេដ្ឋីនោះដែរ។ ខ្ញុំជាអ្នកប្រដាល់ម្នាក់ មិនមែនជាអ្នកជំនួញទេ។ ខ្ញុំគឺដូចអ្នកប្រដាល់ដទៃទៀតដែរ ដោយគ្រាន់តែចង់ប្រកួតកីឡាប៉ុណ្ណោះ”៕ប្រភពDailyMail