លោក Ronald Koeman គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បានរអ៊ូថាការពន្យារពេលការធ្វើដំណើរចំពោះក្រុមរបស់គាត់នឹងមិនប៉ះពាល់ដល់ពួកគេនៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២៤ របស់ពួកគេជាមួយក្រុមអង់គ្លេសនៅថ្ងៃអង្គារនោះទេ។
ជម្រើសជាតិហូឡង់ នឹងត្រូវធ្វើដំណើរពីមូលដ្ឋានហ្វឹកហាត់របស់ពួកគេនៅទីក្រុង Wolfsburg ទៅ ទីក្រុង Dortmund ប៉ុន្តែផែនការទាំងនោះត្រូវបានរំខានដោយការស្ទះផ្លូវដែលបណ្តាលឱ្យការធ្វើដំណើររបស់ពួកគេត្រូវបានលុបចោល។ ផ្ទុយទៅវិញ Koeman និងក្រុមរបស់គាត់បានហោះទៅ Dortmund ដោយមកដល់សណ្ឋាគាររបស់ពួកគេនៅល្ងាចថ្ងៃអង្គារ។ លោក Koeman បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ UEFA បន្ទាប់ពីលោកបានកំណត់ទុកជាមុនថា៖
“វាមិនមែនជាបញ្ហានោះទេ ពួកយើងបានសម្រាកយ៉ាងល្អនៅរសៀលនេះ យើងនៅលើយន្តហោះបានត្រឹមតែ ៣០នាទីប៉ុណ្ណោះ ហើយបានមកដល់សណ្ឋាគាររបស់យើង ហើយយើងអាចសម្រាកបាននៅយប់នេះ”។(សន្និសីទសារព័ត៌មានការប្រកួតត្រូវលុបចោលដោយសារតែការពន្យារពេល)។
យប់នេះនឹងក្លាយជាការជួបគ្នាលើកទី៤ រវាងប្រទេសទាំងពីរក្នុងការប្រកួតធំៗ ដែលអង់គ្លេសនិងហូឡង់ឈ្នះពីរដង រៀងៗខ្លួន។ អង់គ្លេសបានឈ្នះតែមួយលើកគត់ក្នុងការជួបគ្នាប្រាំបួនលើកចុងក្រោយរបស់ពួកគេជាមួយនឹងហូឡង់ គ្រប់ការប្រកួតទាំងអស់(រួមបញ្ចូលមិត្តភាព) ប៉ុន្តែ Koeman រំពឹងថាការជួបលើកនេះជាជំនួបដ៏តានតឹងជាមួយនឹង តោកំណាច។ គ្រូបង្វឹករូបនេះ បាននិយាយទៀតថា៖
“យើងដឹងថាពិតជាមិនមានភាពខុសគ្នាច្រើនទេរវាងក្រុមទាំងពីរ វាពិតជា ៥០-៥០ តាមគំនិតរបស់ខ្ញុំ។ ប៉ុន្តែយើងនឹងត្រូវការការប្រកួតដ៏ល្អឥតខ្ចោះដើម្បីឈ្នះ”។
“យើងដឹងថាពួកគេមានកីឡាករល្អៗជាច្រើន ប៉ុន្តែក្រុមទាំងពីរពិតជាខ្លាំង ហើយវានឹងជាការប្រកួតដ៏ល្អមួយ”។
ហូឡង់ បានស៊ុតបញ្ចូលទីវាយបកដើម្បីទទួលបានកៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតដោយយកឈ្នះក្រុម Turkiye ២-១ ក្នុងទីក្រុង Berlin កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ទន្ទឹមនឹងនេះដែរ អង់គ្លេស ត្រូវការបាល់ប៉េណាល់ទីដើម្បីយកឈ្នះលើស្វីស ដែលជាអ្វីដែល Koeman ជឿថាអាចជាគុណសម្បត្តិមួយមុនពេលចាប់ផ្តើមការប្រកួត។ អតីតគ្រូបង្វឹក Barcelona រូបនេះបាននិយាយបន្ថែមដោយទំនុកចិត្តថា ៖
“អង់គ្លេសត្រូវលេងម៉ោងបន្ថែមក្នុងការប្រកួតចុងក្រោយរបស់ពួកគេ (ទល់នឹងស្វីស) ដូច្នេះប្រហែលជាវាមានភាពខុសប្លែកគ្នានៅក្នុងដំណាក់កាលចុងក្រោយក្នុងការប្រកួត។ យើងមានភាពមុតស្រួច យើងផ្តោតអារម្មណ៍ ហើយយើងទន្ទឹងរង់ចាំការប្រកួតដ៏ល្អជាមួយពួកគេ”។
ប្រភព បរទេស