ខ្សែប្រយុទ្ធ Kylian Mbappe បានឈ្នះពានរង្វាន់ Trophee Kopa កីឡាករវ័យក្មេងឆ្នើមបំផុត របស់ទស្សនាវដ្ដីបារាំង France Football ហើយកាលពីយប់មិញនេះ។
Mbappe ពិតជាកីឡាករវ័យក្មេងឆ្នើមខ្លាំងមែនទែន ទាំងលេងនៅក្លឹបអាជីព និងជម្រើសជាតិបារាំងរបស់ខ្លួន។ ជាក់ស្ដែង ផ្លាស់មកលេងនៅ PSG រូបគេបានជួយក្រុមនេះឈ្នះពានលីគកំពូលបារាំង ហើយថែមទាំងបានជួយបារាំងលើកពាន World Cup 2018 ថែមទៀតក្នុងឆ្នាំនេះ។ ដោយសារតែដូច្នេះហើយ ទើបរូបគេមានឱកាសឈ្នះពានរង្វាន់កិត្តិយសខាងលើ ដែលជាពានរង្វាន់មួយសំដៅទៅលើកីឡាករក្រោមអាយុ២១ឆ្នាំលេងល្អជាងគេបំផុត។
ក្នុងឱកាសទទួលពានរង្វាន់នេះដែរ អតីតកីឡាករ Monaco បាននិយាយដូច្នេះថា៖ “ខ្ញុំសប្បាយចិត្តនឹងទទួលពាននេះ។ ខ្ញុំអរគុណដល់មិត្តរួមក្រុមទាំងអស់ទាំងនៅជម្រើសជាតិនិងក្លឹប។ ខ្ញុំនឹងមិនអាចបំភ្លេចបានឡើយនៅពេលវេលាដ៏អស្ចារ្យដែលយើងជួយបារាំងលើកពាន World Cup 2018 ។ ហើយគោលបំណងបន្ទាប់របស់ខ្ញុំ គឺនឹងបន្ដលើកពានរង្វាន់គ្រប់ប្រភេទទាំងអស់”៕ប្រភពDailyMail