ក្លិប Ratchaburi Mitr Phol ដែលស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលរបស់ប្រទេសថៃនោះ កាលពីពេលថ្មីៗកន្លងទៅនេះ បានបំពេញនូវកីឡាករអាស៊ាន ( Asean Quota ) គឺជាកីឡាករជម្រើសជាតិហ្វីលីពីន ដែលត្រូវបានក្លិប Ubon UMT កាត់ឈ្មោះចេញ គឺកីឡាករ Mark Hartmann ។
ជាការខកចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា ខណៈដែលក្លិបមួយនេះ កាលពីដើមខែមេសា កន្លងទៅ បានធ្វើការអញ្ជើញខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាមួយរូប លេងឲ្យក្លិបបឹងកេត ឃួន ឡាបូរ៉ាវី ទៅធ្វើតេស្តរយៈពេល ១សប្តាហ៍ ។
សូមបញ្ជាក់ថា កីឡាករ Mark Hartmann ដែលប្រើប្រាស់ពេលវេលាកន្លះរដូវកាលនៅក្លិប Ubon UMT នោះ គឺមានលទ្ធភាពរកគ្រាប់បាល់បានចំនួន ៥គ្រាប់ផងដែរ ។
កីឡាករជម្រើសជាតិហ្វីលីពីនរូបនេះ ទំនងជាទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Ratchaburi Mitr Phol សម្រាប់ការប្រកួតជើងទីពីរនៃលីគកំពូលថៃ ទល់នឹងក្រុម Air Force Central នៅថ្ងៃទី ១០ ខែ មិថុនា ខាងមុខនេះ ក្រោយការសម្រាកពាក់កណ្តាលរដូវកាល ៕