UEFA ​បង្កើត​ពាន​រង្វាន់​ថ្មី​មួយ​ទៀត ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២១

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ​បាន​បង្កើត​ពាន​រង្វាន់​ថ្មី​មួយ​ទៀត ​ដើម្បី​លេង​នៅ​ឆ្នាំ​២០២១​ខាង​មុខ ​ដែល​ស្មើ​នឹង​កម្រិត​ទី​៣ ​បន្ទាប់​ពី UEFA Champions League ​និង​ Europa League ​។

ពាន​រង្វាន់​នេះ​ដែរ​គឺ​មាន​ឈ្មោះ​ថា​ UEL2 ឬ​ឈ្មោះ​ពេញ​ថា​ UEFA Europa League II ។ ការ​ប្រកួត​នឹង​ដំណើរ​ការ​មិន​ខុស​ពី​ពាន​រង្វាន់​២​ទៀត​ឡើយ ​ដោយ​នឹង​មាន​ក្រុម​​មក​ពី​បណ្ដា​ប្រទេស​៣៤​​ផ្សេង​ៗ​នៅ​អឺរ៉ុប​ចូល​រួម បែងចែក​ជា​ពូល​ប្រកួត​សន្សំ​ពិន្ទុ​គ្នា។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ គឺ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពាក់​កណ្ដាល​សប្ដាហ៍។

ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់  UEFA Europa League II ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​ពាន​រង្វាន់ Europa League ​ដោយ​ស្វ័យ​ប្រវត្តិ​។ លោក Aleksander Ceferin ​ប្រធាន UEFA ​បាន​និយាយ​ពី​គោល​បំណង​នៃ​ការ​បង្កើត​ពាន​នេះ ដើម្បី​ឱ្យ​ក្រុម​ដែល​មិន​សូវ​ខ្លាំង​ឬ​ពាក់​កណ្ដាល​តារាង​ក្នុង​លីគ ​មាន​ឱកាស​បាន​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​កាន់​តែ​​ខ្លាំង​ថែម​ទៀត៕ប្រភពGoal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT