Melbourne Victory ប្រកួតរសៀលនេះបន្តទៀត ខណៈ Keisuke Honda កំពុងស៊ីចង្វាក់ជាមួយក្រុម

បង្ហាញខ្លួនបានគ្រប់ការប្រកួតនាដើមរដូវកាលថ្មីក្នុងលីគកំពូលអូស្រ្តាលី ( Hyundai A-League 2018-2019 ) កីឡាករជប៉ុន Keisuke Honda បានបំពេញតួនាទីយ៉ាងល្អក្នុងតំណែងជាខ្សែបម្រើមុតស្រួចរបស់ក្លិប Melbourne Victory ពោលគឺមានលទ្ធភាពអាចក្លាយជាតួអង្គសំខាន់គ្រប់ការប្រកួតទាំង ៥លើកកន្លងមក ដោយក្នុងនោះមានទាំងគ្រាប់បាល់ទាត់បញ្ចូលទី និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់ចូលទី ( Assist ) ទៀតផង។

ប្រកួតបើករដូវកាលទល់នឹងគូប្រជែង Melbourne City គឺជាប្រកួតដែលអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជារូបនេះ រកគ្រាប់ដំបូងរបស់ខ្លួន ខណៈដែលនៅក្នុងប្រកួតទីពីរ ថ្វីបើមិនអាចរកគ្រាប់បាល់បន្ថែម ក៏រូបគាត់អាចបញ្ចូនបាល់ល្អៗ ២គ្រាប់ផងដែរ ។​ នៅក្នុងប្រកួតទី៣ Honda បន្តបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ដែលជាជ័យជម្នះលើកដំបូងរបស់ Vicotry ខណៈដែលប្រកួតទី ៤ និង ទី ៥ រូបគាត់ រកបាន ២គ្រាប់បន្ថែមទៀត និងជួយឱ្យក្រុម ទទួលបាន ៦ពិន្ទុពេញ ឈរលេខរៀងទី ៣ ក្នុងតារាងចំណាត់ថ្នាក់ត្រឹម ៥ប្រកួត។

នៅម៉ោង ៣ និង ៥០នាទីរសៀលថ្ងៃសៅរ៍នេះ ក្រុម Melbourne Victory នឹងបន្តជួបជាមួយក្រុម Western Sydney Wanderers FC ដែលជាប្រកួតសប្តាហ៍ទី ៦ គ្រាដែល Honda ស្ថិតនៅក្នុងបញ្ជីកីឡាករត្រៀមប្រកួត ហើយនឹងមានភាគរយខ្ពស់ក្នុងការបន្តរក្សាកៅអី ១១នាក់ដំបូងថែមទៀតផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT