Blaise Matuidi គិតថាឆ្នាំនេះ Cristiano Ronaldo កឺសក្ដិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៣ជាប់គ្នាតែម្ដង បើតាមសមត្ថភាពរបស់គេ។
តាំងពីចូលលេងឱ្យ Juventus មក Ronaldo ធ្វើបានល្អមែនទែន ដោយរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតកន្លងមកនេះ។ មិនត្រឹមតែប៉ុណ្ណឹងទៀតសោត រូបគេក៏ក្លាយជាតួអង្គសំខាន់ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតផងដែរ។
Matuidi កីឡាករលេងនៅក្លឹប Juventus ដែរនោះ បាននិយាយចំពោះ Ronaldo ថា៖ “Ronaldo ? គាត់សក្ដិសមក្នុងការឈ្នះពានរង្វាន់ Ballon d’Or ខ្លាំងណាស់។ គាត់មានចំណុចពិសេសច្រើន ដែលធ្វើឱ្យក្រុមទាំងមូលអាចទទួលបានជោគជ័យបាន។ ក្រុមដែលមានគាត់ តែងតែមានទំនុកចិត្តជាងមុនក្នុងការប្រកួត ហើយតែងតែមានគោលដៅឈ្នះពានរង្វាន់ជានិច្ច”។
Ronaldo បច្ចុប្បន្ននេះ មានពានរង្វាន់ Ballon d’Or ៥ក្នុងដៃស្មើជាមួយ Messi ដែរ។ ដូច្នេះប្រសិនបើអាចឈ្នះនៅឆ្នាំនេះទៀត នោះរូបគេក្លាយជាកីឡាករឈ្នះពានរង្វាន់ផ្ទាល់ខ្លួននេះច្រើនជាងគេហើយ៕ប្រភពDailyMail