Ancelotti ធ្លាប់​វក់វី​ចង់​បាន​កូន​ក្រុម Bayern រូប​នេះ​ជា​ខ្លាំង តែ Perez បាំង​ផ្លូវ​ជិត​មិន​ឲ្យ​នាំ​ចូល

គ្រប់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​នាំ​ចូល​នរណា​ម្នាក់ បន្ទាប់​តែ​ឆ្លង​ការ​មើល​យ៉ាង​ជាក់លាក់​ពី​សំណាក់​អ្នកចាត់ការ ជំហាន​បន្ទាប់​គឺ​ត្រូវ​ទទួល​បាន​ការ​យល់ព្រម​ពី​សំណាក់​ថ្នាក់​លើ ឬ​ជា​ប្រធាន​ក្លឹប។ ចំណុច​នេះ ធ្លាប់​មាន​រឿង​ហេតុ​ខ្លះ ចម្រូងចម្រាស​គ្នា​ឈាន​ដល់​ការ​ដក​តំណែង ឬ​គ្រូ​សុំ​ប្រកាស​លា​ឈប់​ក៏​មាន តែ​កន្លង​មក​នៅ Real Madrid វា​ហាក់​ដូច​ជា​មិន​ប៉ះ​អី​ខ្លាំង​នោះ​ទេ បើ​ទោះ​បី​ការ​ចង់​បាន​របស់ Carlo Ancelotti និង Florentino Perez ផ្ទុយ​ស្រឡះ​ពី​គ្នា​ក៏​ពិត​មែន។

ថយ​ក្រោយ​ទៅ​រដូវ​ក្តៅ ឆ្នាំ ២០២៣ គ្រា​ទីផ្សារ​ដោះដូរ​បើក​ទ្វារ​ថ្មីថ្មោង ពេល​នោះ​គ្រូ​សញ្ជាតិ​អ៊ីតាលី ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន Harry Kane ដែល​កំពុង​ឈរ​ជើង​នៅ Tottenham Hotspur ​ជា​ខ្លាំង​ពន់ពេក ពោល​ដាក់​ឈ្មោះ​របស់​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ពី​លើ​ទាំង Jude Bellingham ​ជា​ខ្សែ​បម្រើ​កំពុង​លេចធ្លោ​សព្វថ្ងៃ​ទៀត​ផង។

យ៉ាង​ណា​សំណើ​ពី Ancelotti មិន​បាន​រង្គើ​ចិត្ត Perez ដែល​ជា​ប្រធាន​នោះ​ទេ ក៏​ព្រោះ​ត្រង់​ថា ស្តេច​វិនិយោគ​ពូកែ​កើប​ផល​ចំណេញ​វ័យ ៧៧ ឆ្នាំ ​លោក​នៅ​តែ​រក្សា​ជំហរ ឆន្ទៈ ស្មោះស្ម័គ្រ​តែ​ជាមួយ​បេក្ខភាព​ចាស់ Kylian Mbappe ម្នាក់​គត់។ ជា​ហេតុ​បដិសេធ​ការ​ចង់​បាន​របស់​គ្រូ បើ​ទោះ​បី នៅ​ប្រយុទ្ធ​ប្រអប់​ខាង​លើ​ពេល​នោះ មិន​ទាន់​រក​បាន​នរណា​មក​ជំនួស​កន្លែង Karim Benzema ដ៏​សក្ដិសម។

ជំនួស​មក​វិញ Perez បើក​ភ្លើង​ខៀវ តែ​សម្រាប់​ការ​នាំ​ចូល​ខ្សែ​បម្រើ​ខាង​ក្រោម​មួយ​គត់ ទើប​ជា​ហេតុ​ Ancelotti ត្រូវ​បង្ខំ​ចិត្ត ងាក​មក​មើល​កីឡាករ​រួម​សញ្ជាតិ​តែ​មួយ​របស់ Kane គឺ Bellingham និង​ចរចា​សម្រេច​ក្លាយ​ជា​កីឡាករ​មក​ទល់​បច្ចុប្បន្ន។ នេះ​បើ​តាម​សារព័ត៌មាន Relevo ចុះ​ផ្សាយ។

បក​មក​ស្ថានភាព​ពេល​ឥឡូវ បើ​សួរ​ថា តើ​ការ​សម្រេច​ចិត្ត​របស់ Perez ខុស​ឬ​ត្រូវ ដែល​បិទ​ផ្លូវ Ancelotti មិន​ឲ្យ​យក Kane? ​ចម្លើយ​សម្រាប់​ពួក​យើង​គឺ ៥០/៥០ ព្រោះ​ត្រង់ Bellingham ដែល Real យក​បាន គេ​ក៏​កំពុង​ពេញ​ល្អ ដល់​ហើយ​ទៅ​មើល Mbappe នៅ PSG ក៏​មិន​ធ្លាក់​ទម្រង់​ធ្លាក់​ជើង​អ្វី​ថែម​ទៀត ដូច​គ្នា​នឹង Kane នៅ Bayern ក៏​កំពុង​ជក់​ស៊ុត​ឥត​ប្រណី កើន​គ្រាប់​បាល់​ម្នាក់ៗ​សុទ្ធ​ជា​លំដាប់ Top Scorer។ ពេល​ទៅ​មុខ Perez ដែល​ជា​មេ​ជា​កើយ ក៏​នៅ​តែ​រក្សា​កូន​ចិត្ត​ចង់​យក Mbappe ដដែល ហើយ​ត្រៀម​ថ្ពក់​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​នា​ពេលវេលា​ដ៏​ខ្លី​ខាង​មុខ តែ​បែរ​បរាជ័យ​ហើយ​ចង់​បក​ទៅ​ Kane នោះ​គឺ​ឡើង​ហើយ ឡើង​ពី​ជាង ៩០ មក​ទល់​ ១១០ លាន​អឺរ៉ូប​តូច​បំផុត។


ចុងក្រោយ​ទៅ​មើល​ចចាមអារ៉ាម​ពាក់ព័ន្ធ​មួយ​ផ្សេង​ទៀត​រវាង​ក្លឹប​អាល្លឺម៉ង់ និង​អេស្ប៉ាញ​ខាង​លើ គឺ Bayern ​កំពុង​ពិចារណា​ចង់​បាន Ferland Mendy ដោយ​ព្រម​ដោះដូរ​ស្មើ​រវាង Alphonso Davies។ គ្រប់​យ៉ាង​គឺ​ចង់​ឲ្យ​កើត​ឡើង​ត្រឹម​រដូវ​ក្តៅ គ្រោង​បិទ​រដូវ​កាល​ខាង​មុខ ជា​ជាង​បន្ត​ទុក​កីឡាករ​កាណាដា ជើង​ល្បឿន​តំបន់​ស្លាប ដល់​អស់​តម្លៃ​ខ្លួន​នា​ឆ្នាំ​បន្ទាប់។ នេះ​បើ​តាម​សារព័ត៌មាន L’Equipe ចុះ​ផ្សាយ។

ងាក​ទៅ Mendy ​ចំពោះ​គុណភាព ទេពកោសល្យ​កីឡាករ​បារាំង ក៏​បាន​អូស​ទាញ​ចិត្ត​ក្លឹប​ដទៃ​ផ្សេង​ទៀត ឲ្យ​ចាប់​អារម្មណ៍​ចង់​បាន​គេ តួយ៉ាង​គឺ Liverpool, Arsenal, Newcastle United និង Napoli ដែល​គេ​អាច​មាន​ហាងឆេង​តម្លៃ​ខ្លួន ក្រោម ៤០ លាន​អឺរ៉ូ។

ស្ថិតិ​រដូវ​កាល​នេះ Davies ៣៧ ប្រកួត គេ​រក​បាន ១ គ្រាប់ Assist ៤ ខណៈ Mendy ៣២ ប្រកួត រក​បាន ១ គ្រាប់ Assist ០។ អ្នក​ទាំង​ពីរ​ប្រុង​ជួប​គ្នា នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS នា​វេលា​ម៉ោង ០២:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ​ទី ០១ ឧសភា​ខាង​មុខ​ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT